សៀមរាប៖ ក្មេងប្រុសម្នាក់ត្រូវបានរងគ្រោះ ដោយសារភ្លើងឆេះរលាកពេញខ្លួន ព្រោះតែស្ត្រីតែងខ្លួនជាប្រុសម្នាក់ ចាក់សាំងដុត ព្រោះខឹងកុមាររងគ្រោះលួចលុយចំនួន១មុឺនរៀល ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ នៅភូមិកោកក្នាំង ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

ជនបង្កមានឈ្មោះតែម មឿត អាយុ៣៩ឆ្នាំ ចំណែក្មេងប្រុសរងគ្រោះ ឈ្មោះពន ប៉ិន អាយុ៩ឆ្នាំ អ្នកទាំង២រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានរឿងបង្កហិង្សាដុតក្មេងប្រុសរលាកពេញខ្លួននេះភ្លាម លោកបានបញ្ជាកម្លាំងជំនាញស្រាវជ្រាវជាបន្ទាន់ និងឈានដល់ការឃាត់ខ្លួនស្ដ្រី (តែងខ្លួនជាប្រុស) ភ្លាមៗផងដែរ។

លោកស្នងការ ក៏ប្រាប់ឲ្យដឹងទៀតថា មូលហេតុដែលស្ដ្រីជនបង្កធ្វើសកម្មភាពដុតក្មេងប្រុសរងគ្រោះ ព្រោះតែខឹងក្មេងប្រុសនោះចូលលួចលុយចំនួន១ម៉ឺនរៀល ហើយទប់ចិត្តមិនបាន ក៏ចាក់សាំងមួយគំរបដបចាក់លើអាវ រួចធ្វើសកម្មភាពដុតក្មេងតែម្ដង បណ្តាលឲ្យក្មេងប្រុសរងគ្រោះឆេះរលាត់ស្បែកមួយចំហៀងខ្លួនផ្នែកខាងឆ្វេង។

លោកស្នងការ ទិត្យ ណារ៉ុង បានបន្ដថា ក្រោយពេលកើតហេតុ ក្មេងប្រុសរងគ្រោះត្រូវបានគេជួយសង្គ្រោះដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ រហូតមកដល់ពេលនេះ ក្មេងប្រុសរូបនោះបានរួចផុតពីគ្រោះថ្នាក់ហើយ។ ដោយឡែក នៅព្រឹកនេះ ជនបង្កត្រូវបានសមត្ថកិច្ចនឹងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។

មហាជនជាច្រើនបានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះស្ត្រីចិត្តកំណាចរូបនេះ ហើយក៏បានសំណូមពរដល់តុលការ មេត្តាផ្តន្ទាទៅស្ត្រីរូបនេះឲ្យសមនឹងទង្វើអាក្រក់របស់នាង៕







