ខេត្តបាត់ដំបង ៖ នារីវ័យក្មេងម្នាក់ នៅចាំផ្ទះតែម្នាក់ឯង ខណៈដែលឪពុកម្តាយមិននៅ ស្រាប់តែដល់ពាក់កណ្តាលអធ្រាត្រ ក៏លេចមុខប្រុសព្រានម្នាក់ លបឡើងធ្វើសកម្មភាពចាប់រំលោភដល់លើផ្ទះ រហូតដល់បានសម្រេច លុះនារីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យនាំយកមកចាត់ការតាមច្បាប់។
ករណីប្រុសព្រានលបឡើងផ្ទះចាប់រំលោភកូនស្រីគេទាំងកណ្តាលអធ្រាត្រនេះ បានកើតឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះនារីរងគ្រោះ ស្ថិតក្នុងឃុំពាមឯក ស្រុកឯកភ្នំ។ លុះរឿងរ៉ាវបែកធ្លាយ សមត្ថកិច្ចក៏ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង៩និង៥២នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ។
ជនសង្ស័យដែលចាប់រំលោភកូនស្រីគេ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ុន ប៊ុនណា ហៅឌី អាយុ២៦ឆ្នាំ រស់នៅចំណុចអាងភាស ភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ល.ណ.រ អាយុ២១ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាង លើ ជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយកម្លាំងនគរបាលព្រហ្មទណ្ឌ តាមការបញ្ជារបស់ព្រះរាជអាជ្ញារងខេត្តបាត់ដំបង ក្រោមបទសង្ស័យរំលោភសេពសន្ថវៈ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ខណៈដែលនារីរងគ្រោះកំពុងដេកលង់លក់នៅលើផ្ទះតែម្នាក់ឯង ស្រាប់តែជនសង្ស័យឈ្មោះ ស៊ុន ប៊ុនណា ហៅឌី បានលបឡើងទៅធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ រហូតដល់បានសម្រេច។ លុះក្រោយមក នារីរងគ្រោះបានទម្លាយរឿងរ៉ាវប្រាប់ឪពុកម្តាយ និងនាំគ្នាទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យនាំយកមកសាកសួរតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងព្រហ្មទណ្ឌខេត្តកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី”