Wednesday, September 24, 2025
Homeព័ត៌មានជាតិចិនតៃវ៉ាន់ជិះឡាន Mercedez ឈប់ចាំស្តុប ឆាបឆេះ ស្រែកហៅគេជួយ

ចិនតៃវ៉ាន់ជិះឡាន Mercedez ឈប់ចាំស្តុប ឆាបឆេះ ស្រែកហៅគេជួយ

ភ្នំពេញ ៖ រថយន្តស៊េរីទំនើប១គ្រឿង បើកបរដោយបុរសជនជាតិចិនតៃវ៉ាន់ម្នាក់ កំពុងឈប់រង់ចាំភ្លើងស្តុបសុខៗ ក៏ស្រាប់តែកើតមានអណ្តាតភ្លើង ឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ និងត្រូវរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ១១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

រថយន្តទំនើបដែលទទួលរងការឆាបឆេះទាំងកណ្តាលយប់ ម៉ាក Mercedes ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2O-8777 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ គ្រាន់តែដឹងថា ជាជនជាតិចិនតៃវ៉ាន់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសជនជាតិចិនតៃវ៉ាន់ខាងលើ បានបើករថយន្តទំនើប ម៉ាក Mercedes ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ដោយសារភ្លើងស្តុបលោតពណ៌ក្រហម ទើបបុរសចិនរូបនោះ បានឈប់រថយន្ត ដើម្បីរង់ចាំភ្លើងស្តុប ស្រាប់តែភ្លាមនោះ ក៏មានអណ្តាតភ្លើងឆាបឆេះទ្បើងយ៉ាងសន្ធោសន្ធៅ ចេញពីកាប៊ីនរថយន្តខាងមុខផ្នែកខាងស្តាំ ធ្វើឱ្យបុរសជាអ្នកបើកបរប្រញាប់បើកទ្វារស្ទុះចេញពីរថយន្តមកក្រៅ ស្រែកឆោឡោ ហៅគេឯងឱ្យជួយ និងត្រូវបានប្រជាពលរដ្ឋក្បែរនោះ ជួយទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗតែម្តង។

ប្រភពដដែលបន្តថា បន្តិចក្រោយមក គេឃើញមានរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង រួមនឹងម៉ូតូទឹករបស់សាលាខណ្ឌដូនពេញ ១គ្រឿង បានមកដល់ទីទាំងកើតហេតុភ្លាមៗ និងបានជួយបាញ់ទឹកពន្លត់រហូតដល់គ្រប់គ្រងស្ថានភាពបានទាំងស្រុង។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុដែលបង្កឱ្យមានការឆាបឆេះរថយន្តខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តចេញពីម៉ាស៊ីន រថយន្ត។ យ៉ាងណា សមត្ថកិច្ចបានចុះមកជួយអន្តរាគមន៍ទាន់ពេលវេលា ដោយមិនបង្កឱ្យមានការឆេះរាលដាលឡើយ ចំណែករថយន្តត្រូវភ្លើងឆេះកាប៊ីនមុខផ្នែកខាងស្តាំ ខូចខាតធ្ងន់ធ្ងរគួរសម។

ក្រោយកើតហេតុ សមត្ថកិច្ចបានឱ្យម្ចាស់រថយន្តស្ទូចរថយន្ត ចេញពីកន្លែងកើតហេតុ ជួសជុលដោយខ្លួនឯង៕

RELATED ARTICLES