Wednesday, September 24, 2025
Homeព័ត៌មានជាតិក្តៅអន្ទះអន្ទែងពេក ចុះត្រាំទឹក... មួយសន្ទុះ លើកដៃខ្វៃៗហៅគេឲ្យជួយ

ក្តៅអន្ទះអន្ទែងពេក ចុះត្រាំទឹក… មួយសន្ទុះ លើកដៃខ្វៃៗហៅគេឲ្យជួយ

ខេត្តសៀមរាប ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងជោកជាំ ស្រាប់តែកើតមានអាការក្តៅអន្ទះអន្ទែងក្នុងខ្លួន ទ្រាំមិនបានក៏ស្ទុះចុះទៅត្រាំទឹក ដើម្បីបំបាត់ភាពក្តៅស្អុះស្អាប់ ទីបំផុត ក៏លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចទឹកទក្សិណ ប្រាសាទអង្គរវត្ត ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។

បុរសរងគ្រោះខាងលើ មានឈ្មោះនៅ សុនិត អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទ បាគង។

តាមប្រភពពីបុរសឈ្មោះហ៊ុល លី អាយុ៣៧ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ និងត្រូវជាមិត្តភក្តិរបស់ជនរងេគ្រាះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ជនរងគ្រោះបានជិះម៉ូតូមកពីផ្ទះនៅឯបាគង មករកគាត់ ដោយប្រាប់ថា ចង់ផឹកស្រាជាមួយគ្នា ដែលផ្ទះរបស់គាត់ស្ថិតនៅមិនឆ្ងាយពីទក្សិណទឹកខាងត្បូងប្រាសាទអង្គវត្តនោះទេ។

ប្រភពដដែលបន្តថា បន្ទាប់មកពួកគាត់ទាំង២នាក់ រួមនឹងមិត្តភក្តិប៉ុន្មាននាក់ទៀត ក៏នាំគ្នាទិញស្រាស២លីត្រ យកមកផឹកជុំគ្នាយ៉ាងសប្បាយរីករាយ។ រហូតដល់ម៉ោង២ និង៣០នាទីរសៀលថ្ងៃដដែល គាត់បានជូនប្រពន្ធទៅលក់ផ្កានៅព្រះអង្គចេកព្រះអង្គចម ដោយទុកឱ្យជនរងគ្រោះផឹកស្រាជាមួយមិត្តភក្តិផ្សេងទៀត។

ប្រភពខាងលើ បញ្ជាក់ថា ស្រាប់តែមកដល់វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែល ពេលដែលគាត់ត្រឡប់មកដល់ផ្ទះវិញ ក៏បាត់មិត្តភក្តិផឹកអស់ ចំណែកជនរងគ្រោះក៏បាត់ដែរ ឃើញតែម៉ូតូ ទើបគាត់បានដើររក ស្រាប់តែប្រទះឃើញជនរងគ្រោះលើកដៃឡើងលើឱ្យជួយផង នៅកណ្តាលទឺកទក្សិណ ភ្លាមនោះ គាត់ក៏ស្ទុះហែលទឹកទៅជួយជនរងគ្រោះដែរ តែអកុសល ពេលទៅដល់ជនរងគ្រោះបានឈ្លក់ទឹកស្លាប់បាត់ទៅហើយ ទើបស្រង់សាកសពឡើងមកលើគោក រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះផឹកស្រាស្រវឹង រួចមានអារម្មណ៍ក្តៅស្អុះស្អាប់ពេក ទើបចុះត្រាំទឹក បណ្តាលឱ្យលង់ស្លាប់បែបនេះតែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES