Wednesday, September 24, 2025
Homeព័ត៌មានជាតិអ្នករត់ម៉ូតូឌុប និងអ្នករត់រុឺម៉កកង់៣ សហការគ្នាចេញឆក់ ដើម្បីជីវភាព

អ្នករត់ម៉ូតូឌុប និងអ្នករត់រុឺម៉កកង់៣ សហការគ្នាចេញឆក់ ដើម្បីជីវភាព

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ រកស៊ីរត់ម៉ូតូឌុបសុខៗ ក៏បែកគំនិតបបួលគ្នាចេញធ្វើសកម្មភាពឆក់ ក្រែងបានលុយដុំ ស្រួលជាងរត់ឌុបសន្សំកាក់ល្អិត លុះក្រោយពីធ្វើសកម្មភាពឆក់ការបូបបានសម្រេចហើយ បែរជារត់មិនរួចទៅវិញ ព្រោះតែមានប្រជាពលរដ្ឋប្រដេញតាមចាប់បាន ប្រគល់ឱ្យសមត្ថកិច្ច បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ១០៥ កែងនឹងផ្លូវ៣១០ ស្ថែតិក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។

ជនសង្ស័យជាចោរឆក់កាបូបទាំង២នាក់ ដែលត្រូវប្រជាពលរដ្ឋប្រដេញចាប់យកមកប្រគល់ឱ្យសមត្ថកិច្ច រួមមាន ទី១-ឈ្មោះសុខ ផានិត អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នករត់ម៉ូតូកង់បី នៅហាងម្លប់មេឃ រស់នៅម្តុំច្រាំងបាក់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ (ជាអ្នកអង្គុយពីក្រោយធ្វើសកម្មភាពឆក់) និងទី២-ឈ្មោះហ៊ួន វាសនា អាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅម្តុំផ្សារតាប៉ាង សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ និងមានស្រុកកំណើតនៅភូមិបង់ឯក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ជាអ្នកបើកម៉ូតូ។ ជនសង្ស័យទាំង២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GW-6582។ ចំណែកស្ត្រីរងគ្រោះជាម្ចាស់កាបូប មិនត្រូវបានស្គាល់អត្តសញ្ញាណទេ។

តាមប្រភពបុរសជាអ្នករត់ម៉ូតូឌុប ដែលឌុបស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខ្លួនបានដឹកស្ត្រី៣នាក់ ក្នុងនោះ មានជនរងគ្រោះផង ចេញពីម្តុំខាងក្រោយវាំង ឆ្ពោះទៅផ្ទះនៅម្តុំវត្តសន្សំកុសល។ លុះពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូ១គ្រឿង មកធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះបានសម្រេច ធ្វើឱ្យម៉ូតូរបស់ខ្លួនបានដួលរងរបួសតិចតួច តែភ្លាមនោះ ខ្លួនក៏ប្រញាប់លើកម៉ូតូដេញតាមក្រុមជនសង្ស័យ ដោយស្ត្រីរងគ្រោះជាម្ចាស់កាបូប បានស្រែកចោរៗឆក់ រហូតដល់ផ្អើលដល់ ប្រជាពលរដ្ឋដែលនៅក្បែរនោះ បាននាំគ្នាជួយប្រដេញតាម រហូតដល់បុរីអង្គរភ្នំពេញ ទើបចាប់បានប្រគល់ឱ្យសមត្ថកិច្ច។

ក្រោយត្រូវប្រជាពលរដ្ឋចាប់ខ្លួនបាន ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីរងគ្រោះមែន ហើយនេះគឺជាលើកទី១ទេ ដោយពួកគេដំបូងឡើយ មានរបរជាអ្នករត់ម៉ូតូឌុបដូចគ្នា លុះជួបស្គាល់គ្នា ជជែកវែកញែកពីរឿងជីវភាពឃើញថា មុខរបរមួយនេះសន្សំបានតែកាក់ល្អិត ទើបបែកគំនិតបបួលគ្នាចេញឆក់ម្តង ក្រែងបានលុយដុំ ដឹងអី! បែរជាជាប់ខ្នោះបែបនេះទៅវិញ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលបឹងកេងកងទី២ ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES