ភ្នំពេញ ៖ ហេតុការណ៍បុរសជើងខ្លាំង ខឹងហៅគេផឹកស្រាអត់បាន បែរជាផ្ទុះហិង្សាវ៉ៃ សន្តិសុខយាមម៉ូតូមិនអស់ចិត្តហើយ ថែមទាំងគំរាមបាញ់សម្លាប់គ្រវាត់ចោលទៀតនេះ បង្កឱ្យមានការភ្ញាក់ផ្អើល ទាំងកណ្តាលយប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចហាងផឹកស៊ី១កន្លែង យីហោ វីរៈជន មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ជនបង្កដែលផឹកស៊ីកាចដូចខ្លា ត្រូវជនរងគ្រោះបង្ហើបប្រាប់ថា មានឈ្មោះពៅ និងត្រូវជាមិត្តភក្តិរបស់ម្ចាស់ហាងខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះអ៊ុន វីរៈ ហៅឈិ ជាសន្តិសុខយាមម៉ូតូនៅខាងមុខហាងខាងលើ។

តាមសម្តីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញបុរសដែលជាជនបង្ក ឈ្មោះពៅ ដែលត្រូវជាមិត្តភក្តិម្ចាស់ហាងផងនោះ ជិះម៉ូតូ១គ្រឿង ម៉ាកស៊ីរុស ពណ៌ទឹកប៉ិច ពាក់ស្លាកលេខនប 1-1481 ចូលមកផឹកស៊ីនៅក្នុងហាងខាងលើ ដោយអង្គុយតុខាងក្រៅ មានគ្នា៥នាក់ ក្នុងនោះ២នាក់ជាបុគ្គលិកហាង។ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែកហើយ ជនបង្កឈ្មោះពៅ បានហៅគាត់មកផឹកមួយកែវ ពេលនោះ គាត់ក៏ចូលទៅផឹកតាមសំណូមពរភ្ញៀវ លុះពេលគាត់ផឹកដាច់១កែវ ស្រាប់តែជនបង្កបានបង្ខំគាត់ឱ្យលើកដាច់១កែវទៀត តែគាត់ប្រកែក។ គ្រាន់តែឮគាត់ប្រកែកមិនព្រមផឹកបែបនេះ ជនបង្កខឹងច្រឡោតហៅគាត់ឱ្យដើរទៅជិត រួចក៏ស្ទុះមកដាល់គាត់ចំនួន៣ដៃ បណ្តាលឱ្យបែកមាត់ចេញឈាម ដួលទៅលើភ្ញៀវតុផ្សេង។ មិនតែប៉ុណ្ណោះ ជនបង្កនៅថែមទាំងបានគំរាមគាត់ទៀតថា “កុំខ្លាំងជាមួយអញ អញបាញ់ក្រវាត់ចោលក៏បានដែរ”។

បន្ទាប់ពីត្រូវជនបង្កវាយឱ្យរងរបួសរួចមក ជនរងគ្រោះបានខលហៅបងប្រុសរបស់ខ្លួន និងផ្តល់ដំណឹងទៅអ្នកសារព័ត៌មាន ព្រមទាំងប្តឹងឱ្យសមត្ថកិច្ចចុះមកជួយអន្តរាគមន៍។ ប៉ុន្តែ ក្រោយពីមានការភ្ញាក់ផ្អើល ម្ចាស់ហាងក៏បានបិទទ្វារជិតឈឹង ទុកឱ្យជនបង្កសម្ងំក្នុងនោះទៀតផង។ លុះសមត្ថកិច្ចមកដល់ ហៅម្ចាស់ហាងឱ្យបើកទ្វារ ដើម្បីឱ្យជនបង្កចេញមក តែម្ចាស់ហាងមិនព្រមបើកទ្វារនោះទេ ទើបសមត្ថកិច្ច និងបងប្អូនជនគ្រោះអង្គុយចាំដល់ភ្លឺទាំងអស់គ្នា ដើម្បីរង់ចាំជនបង្កចេញមកដោះស្រាយតាមផ្លូវច្បាប់៕

