Wednesday, September 24, 2025
Homeព័ត៌មានជាតិអីក៏លឿនបែបនេះ!!! ថ្នាំមកដល់ហើយ គាត់ស្លាប់បាត់

អីក៏លឿនបែបនេះ!!! ថ្នាំមកដល់ហើយ គាត់ស្លាប់បាត់

ខេត្តមណ្ឌលគិរី ៖ បុរសទុរគតម្នាក់ រស់នៅតែម្នាក់ឯងគ្មានសាច់ញាតិនោះទេ និងមានជំងឺប្រចាំកាយទៀតផង លុះអាការជំងឺធ្វើទុក្ខ ក៏ត្អូញប្រាប់អ្នកជិតខាងថា ឈឺពោះខ្លាំងណាស់ និងពឹងឱ្យអ្នកជិតខាងទៅទិញថ្នាំលេប លុះពេលគេទិញថ្នាំឱ្យបានហើយ ត្រឡប់មកវិញ ក៏ប្រទះឃើញជនរងគ្រោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចអូរព្រះ ស្ថិតក្នុងភូមិព្រះ ឃុំស្រែឈូក ស្រុកកែវសីមា។

បុរសរងគ្រោះខាងលើ មានឈ្មោះនី ហៅចិត្ត អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកំពង់ធំ សព្វថ្ងៃស្នាក់នៅមូលដ្ឋានខាងលើតែម្នាក់ឯង មិនមានសាច់ញាតិប្រពន្ធកូនអ្វីទាំងអស់។

តាមប្រភពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះតែងដើរស្នាក់នៅទីនេះ២-៣ថ្ងៃ ទីនោះ២-៣ថ្ងៃ ពោលគឺមិនសូវនៅកន្លែងណាមួយឱ្យបានជាប់លាប់ទេ។ លុះមុនពេលកើតហេតុ ជនរងគ្រោះបានមកស្នាក់នៅមូលដ្ឋានខាងលើ បានចំនួន៥ថ្ងៃហើយ រួចមកក៏បានដើរនិយាយប្រាប់ប្រជាពលរដ្ឋថា ខ្ញុំឈឺពោះខ្លាំងណាស់។ បន្ទាប់មក នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ជនរងគ្រោះបានពឹងឱ្យឈ្មោះជុំ ថុល ទៅទិញថ្នាំមកឱ្យលេប។ លុះពេលឈ្មោះជុំ ថុល ត្រលប់មកពីទិញថ្នាំវិញ ក៏ប្រទះឃើញជនរងគ្រោះ ដេកស្លាប់បាត់ទៅហើយ ទើបប្រញាប់ហៅអ្នកភូមិឱ្យមកជួយមើល និងរាយការណ៍ផ្តល់ព័ត៌មានដល់អាជ្ញាធរក្នុងមូលដ្ឋានភ្លាមៗតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែឈូក បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពពុំឃើញមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ។ តាមការសន្និដ្ឋាន ជនរងគ្រោះអាចស្លាប់ដោយសារធ្លាយក្រពះ ឫចុកពោះវៀនដុះខ្នែង។

ក្រោយកើតហេតុ កំលាំងប៉ុស្តិ៍នរបាលរដ្ឋបាលស្រែឈូក សហការជាមួយកំលាំងប្រជាការពារ មេភូមិ មេឃុំ និងប្រជាពលរដ្ឋនៅទីនោះ បានរួមគ្នាធ្វើបុណ្យ និងបញ្ចុះសពនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩៕

RELATED ARTICLES