Tuesday, September 16, 2025
Homeតារាខ្មែរសុគន្ធ និសា ពង្រឹងមុខជំនួញបន្ថែម ជាងអាជីពសិល្បៈ

សុគន្ធ និសា ពង្រឹងមុខជំនួញបន្ថែម ជាងអាជីពសិល្បៈ

សុគន្ធ និសា ហាក់ស្ងប់ស្ងាត់ជាងមុន ក្រោយរៀបការហើយ ព្រោះបទចម្រៀងរបស់នាងមិនសូវមានភាពលេចធ្លោដូចមុនឡើយ ទើបធ្វើឱ្យតាមបណ្តា Concert ខ្លះបាត់មុខ និសា។ ទោះជាយ៉ាងណា សុគន្ធ និសា ក៏មិនពឹងទៅលើអាជីពចម្រៀងតែមួយមុខឡើយ គឺថ្មីៗនេះ នាងទើបបើកសម្ពោធហាងកាហ្វេផ្ទាល់ខ្លួននៅខណ្ឌសែនសុខ ដោយដាក់ឈ្មោះហាងថា 6អាកាហ្វេ ដោយមានតារាសិល្បៈ រួមអាជីពទៅចូលរួមអបអរសាទរផងដែរ។

សុគន្ធ និសា មិនបានបញ្ជាក់ថា ហាងកាហ្វេនោះ ប្រើទុនអស់ទឹកប្រាក់ប៉ុន្មានទេ តែតាមរយៈការឌីហ្សាញដែលមានការតុបតែងយ៉ាងស្អាតនោះ បញ្ជាក់ថា មិនក្រោមម៉ឺនដុល្លារឡើយ ដែលនិសា ចំណាយទៅលើហាងមួយនេះ ចេញជារូបរាងឡើង។

នេះមិនមែនជាលើកដំបូងទេ ដែលសុគន្ធ និសា បានឈានទៅបង្កើតមុខរបរក្រៅពីសិល្បៈនោះ ព្រោះកាលពីឆ្នាំមុន នាងក៏បានបើកភោជនីយដ្ឋានឱ្យ “ព្រិលគ្រប់រដូវ” តែបានសេងទៅឱ្យមិត្តភក្តិ និងបើកហាងគុយទាវខ្ចប់នៅកោះពេជ្រ ផងដែរ។

ប្រភពបានឱ្យដឹងថា ស្វាមីរបស់សុគន្ធ និសា លោកចៅ សម្បត្តិ ចង់ឱ្យនិសា ពង្រឹងមុខជំនួញច្រើនជាងអាជីពសិល្បៈ ហេតុនេះពេលហាងកាហ្វេដំណើរការហើយ និសា នឹងឈានទៅបន្ថែមមុខរបរថ្មីថែមទៀតជាមិនខាន។

សុគន្ធ និសា បានរៀបការជាមួយអាណិកជនខ្មែរ នៅរដ្ឋឡូវែលដ៍ សហរដ្ឋអាមេរិក កាលពីថ្ងៃទី1 ខែធ្នូ ឆ្នាំ2017 ហើយពេលនេះមិនទាន់ហ៊ានពពោះកូនដំបូងឡើយ ខណៈដែលអាជីពចម្រៀងរបស់នាងស្ងប់ស្ងាត់ជាងមុន។

យ៉ាងណា និសា ឆក់បានតំណែងតួឯកដល់ទៅ3រឿង នៅហង្សមាស គឺរឿង“សិសិររដូវក្នុងបេះដូង”, “រាជិនីភូមិគ្រឹះ” និងរឿង “ព្រះវេស្សន្តរជាតក” ដែលគេជឿថា ការសម្រុកថតកុនរបស់និសា នៅពេលនេះ គឺអាចដើម្បីបន្សល់ស្នាដៃ មុនពេលនាងដើរចេញពីសិល្បៈ ទៅរស់នៅតាមស្វាមីឯអាមេរិក នាពេលខាងមុខនេះ៕

RELATED ARTICLES