ខេត្តបាត់ដំបង ៖ បុរសជាជនជាតិខ្មែរអ៊ិស្លាមម្នាក់ បានបង្កហិង្សាដោយវាយគូទំនាស់ម្នាក់ឱ្យរងរបួសធ្ងន់ រួចក៏បានព្យាយាមរត់គេចខ្លួនចេញពីមូលដ្ឋានរស់នៅ សម្ងំលាក់ខ្លួនអស់រយៈពេល៥ឆ្នាំ ទីបំផុត លបវិលត្រឡប់ចូលស្រុកវិញ ក៏ត្រូវសមត្ថកិច្ចប្រទះឃើញចាប់ក្របួចជាប់។
ប្រតិបត្តិការចាប់ខ្លួនបុរសជនជាតិខ្មែរអ៊ីស្លាមខាងលើ ធ្វើឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិបាឡាត់ សង្កាត់រតនៈ ក្រុងបាត់ដំបង។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះសើ ហ្វារ៉ាក់ អាយុ២៨ឆ្នាំ ជាជនជាតិខ្មែរ សញ្ជាតិអ៊ីស្លាម រស់នៅភូមិសុភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង។

សមត្ថកិច្ចបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ០៨ ត.ព្រ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ របស់ព្រះរាជអាជ្ញារង ប៉ង់ ចាន់សុយុទ្ធារ៉ា អយ្យការអមសាលាដំបូងខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ដីកានេះបង្គាប់ឱ្យនាំខ្លួនឈ្មោះសើ ហ្វារ៉ាក់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអ៊ិស្លាម រស់នៅភូមិសុភី២ សង្កាត់រតនៈ ក្រុងខេត្តបាត់ដំបង ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤។
ក្រោយអនុវត្តរួច សមត្ថកិច្ចជំនាញបានរៀបចំបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕