ខេត្តកណ្តាល ៖ ករណីប្រុសស្ទាវ២នាក់ ល្បួងក្មេងស្រីម្នាក់រួមរ័ករហូតបានសម្រេចជាបន្តបន្ទាប់ ដល់ទៅ៤ដងនេះ ស្រាប់តែត្រូវឪពុកម្តាយក្មេងស្រីរងគ្រោះដឹងរឿង ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកមកចាត់ការតាមច្បាប់ បានកើតឡើង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩។

ជនសង្ស័យទាំង២នាក់ ទី១. ឈ្មោះទួត សំណាង ហៅតុង អាយុ១៩ឆ្នាំ មុខរបររត់តុគុយទាវ មានលំនៅក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ និងទី២. ឈ្មោះទឹម ចិត្រា អាយុ២២ឆ្នាំ មុខរបរកម្មករ មានលំនៅក្នុងភូមិសែនសុខ៧ សង្កាត់ខ្មួញ ខណ្ឌសែនសុខ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះល.ក.ន.ក.ថ អាយុ១៥ឆ្នាំ មុខរបរសិស្ស។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កន្លងមក ក្មេងស្រីរងគ្រោះនិងយុវជនសង្ស័យឈ្មោះទួត សំណាង ហៅតុង បានមានទំនាក់ទំនងស្នេហានឹងគ្នារយៈពេលជាង១ឆ្នាំមកហើយ។ លុះមកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ យុវជនសង្ស័យបានលួងលោមដេកជាមួយគ្នា រហូតរួមភេទបានសម្រេច៣ដង។ ក្រោយមកនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះក៏បានជួបជនសង្ស័យម្នាក់ទៀត ឈ្មោះទឹម ចិត្រា ដែលមានផ្ទះនៅជិតផ្ទះជនសង្ស័យឈ្មោះទួត សំណាង ហៅតុង ភ្លាមនោះជនសង្ស័យឈ្មោះទឹម ចិត្រា ក៏បានលួងលោមបបួលក្មេងស្រីរងគ្រោះដេកជាមួយគ្នា រហូតរួមភេទជាមួយគ្នាបានសម្រេច១ដង។

ប្រភពខាងលើ បញ្ជាក់ថា លុះមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ក៏បែកធ្លាយរឿងនេះដឹងដល់ម្តាយឪពុកក្មេងស្រីរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្តឹងទៅនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងនគរបាលបានចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ ខ្លួនជនសង្ស័យទាំង២នាក់ យកមកអធិការដ្ឋាននគរបាលក្រុង ដើម្បីសួរនាំ និងរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ៕