ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើល ដោយបុរសម្នាក់ បានស្គាល់បុរសម្នាក់ទៀតតាមហ្វេសប៊ុក ហើយត្រូវបុរសនោះណាត់គ្នាជួបមុខគ្នាជិះម៉ូតូដឹកដើរលេង និងបង្ហួសចូលផ្ទះសំណាក់ ដាក់ថ្នាំសណ្តំឱ្យទន់ខ្លួន រួចធ្វើសកម្មភាពវាយដំសម្រាតខោអាវ និងខាំរបួសពេញខ្លួន ប្លន់យកទ្រព្យសម្បត្តិអស់ពីខ្លួន ហើយដឹកទម្លាក់ចោលនៅខាងមុខ មន្ទីរពេទ្យបង្អែកសម្តេចឪ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

បុរសរងគ្រោះមានឈ្មោះសីហា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប និងទើបនឹងឡើងមករាជធានីភ្នំពេញ បាន៣ថ្ងៃប៉ុណ្ណោះ ដោយស្នាក់នៅផ្ទះជាមួយនឹងតារាសម្តែងដេនី ក្វាន់។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ថា រូបគេបានស្គាល់បុរសម្នាក់តាមហ្វេសប៊ុកតែ២ថ្ងៃប៉ុណ្ណោះ មានឈ្មោះក្នុងហ្វេសប៊ុក សីហា មានអាយុប្រហែលជាង៣០ឆ្នាំ។ នៅវលាម៉ោង៧យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យក៏បានណាត់រូបគេចេញទៅដើរលេង ដោយជិះម៉ូតូមកទទួលដល់កន្លែងស្នាក់នៅ រួចក៏បានដឹករូបគេទៅហូបអីនៅម្តុំស្វាយប៉ាក ខណ្ឌឫស្សីកែវ។ ក្រោយញ៉ាំអីរួច ជនសង្ស័យរូបនោះក៏បានដឹករូបគេចូលទៅផ្ទះសំណាក់សំពៅមាស បន្ទប់លេខ៩ មានទីតាំងនៅម្តុំរង្វង់មូលនាងគង្ហីង ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ចូលបន្ទប់ផ្ទះសំណាក់ភ្លាម រូបគេមានអារម្មណ៍ទន់ដៃជើង ពេលនោះជនសង្ស័យបានវាយដំរូបគេ បន្ទាប់មកទៀត ជនសង្ស័យក៏បានចាប់សម្រាតខោអាវរបស់គេចេញអស់ និងថែមទាំងបានខាំរូបគេជាច្រើនកន្លែង រួចក៏ដូរខោអាវគ្នាស្លៀក ដើម្បីបំភាន់ភ្នែកគេឯង រួចហើយ រូបគេក៏សន្លប់លែងដឹងខ្លួនតែម្តង។ លុះដល់ម៉ោង៧យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ទៅហើយ ពេលរូបគេភ្ញាក់ដឹងខ្លួនឡើងបែរជាកំពុងដេកលើគ្រែព្យួរសេរ៉ូមជាប់ដៃនៅមន្ទីរពេទ្យសម្តេចឪនេះទៅវិញ។

ជនរងគ្រោះ បានអះអាងថា សម្ភារដែលខ្លួនបាត់បង់ រួមមាន ទូរស័ព្ទដៃចំនួន២គ្រឿង (ម៉ាក iPhone 7plus មួយគ្រឿង និង Oppo ស៊េរីថ្មីមួយគ្រឿង) ខ្សែកផ្លាកទីន ទម្ងន់៥ជី ព្រមទាំងលុយចំនួន៧០ដុល្លារ និងកាត ATM ធនាគារ១សន្លឹកទៀតផង។

បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកនៅមន្ទីរពេទ្យសម្តេចឪនៅឡើយ រង់ចាំជាស្រួលបួល ហើយទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងព្រលិត ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមប្រមាញ់ចាប់ខ្លួនជនសង្ស័យ នាំយកមក ចាត់ការតាមច្បាប់៕

