ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់បានធ្វើសកម្មភាពលីពូថៅចូលទៅកាប់ប្តីរបស់ខ្លួនដែលកំពុងដេកលង់លក់នៅក្នុងអង្រឹង ចំនួន៦ពូថៅ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់ ហើយមិនបានរត់គេចទៅណាដែរ រហូតដល់ព្រឹកឡើងសមត្ថកិច្ចចុះទៅចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់ បានកើតមានការភ្ញាក់ផ្អើលឡើង ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នេះតែម្តង។

ស្ត្រីដៃដល់ មានឈ្មោះវ៉ា សុណន អាយុ៤២ឆ្នាំ មុខរបរកសិករ។ ចំណែកបុរសរងគ្រោះជាប្តីមាន ឈ្មោះយី រ៉ាន់ អាយុ៤៤ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកមិញនេះ ប្រជាពលរដ្ឋបានដើរកាត់មុខផ្ទះជនរងគ្រោះ ក៏ឃើញមានឈាមនៅក្រោមអង្រឹង ទើបចូលទៅអើតមើល ឃើញជនរងគ្រោះកំពុងរបួសពេញខ្លួនស្លាប់បាត់ទៅហើយ ទើបប្រញាប់ស្រែកឆោឡោផ្អើលពេញភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម សមត្ថកិច្ចមូលដ្ឋាន សហការជាមួយួខាងជំនាញ បានចុះដល់កន្លែងកើតហេតុភ្លាម និងបានពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារអំពើឃាតកម្ម។ បន្ទាប់មក សមត្ថកិច្ចក៏បានឃាត់ខ្លួនស្ត្រីជាប្រពន្ធ នាំយកទៅសាកសួរ ទើបដឹងថា បុរសរងគ្រោះត្រូវស្ត្រីជាប្រពន្ធកាប់ប្រហារ ចំនួន៦ពូថៅ កាលពីពាក់កណ្តាលយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា ស្ត្រីជាប្រពន្ធរូបនេះ គឺជាមនុស្សដែលមានសតិមិនប្រក្រតីនោះទេ ហើយជាញឹកញាប់តែងរករឿងឈ្លោះជាមួយប្តី ព្រោះតែរឿងប្រចណ្ឌនេះឯង។ ហេតុនេះ មូលហេតុដែលប្រពន្ធកាប់ប្តី រហូតដល់ស្លាប់នេះ សង្ស័យថា មកពីភ្លើងប្រចណ្ឌនេះឯង។

ពាក់ព័ន្ធទៅនឹងករណីឃាតកម្មខាងលើនេះ មន្ត្រីជំនាញកំពុងសួរនាំស្ត្រីសង្ស័យជាប្រពន្ធ មុននឹងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
