ភ្នំពេញ ៖ បុរសជនជាអ្នករើសអេតចាយម្នាក់ តែងផឹកស្រាស្រវឹងជោកជាំជារៀងរាល់ថ្ងៃ លុះក្រោយមក ក៏ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម នៅចំណុចច្រកឌឿងហែមមួយ និងសង្ស័យថា បណ្តាលមកពីផឹកស្រាហួសកម្រិតក្អួតឈាមស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្លូវឌឿងហែមលេខ១៣៩ ស្ថិតក្នុងភូមិ២ សង្កាត់វាល់វង ខណ្ឌ៧មករា។

បុរសដែលក្អួតឈាមស្លាប់រូបនេះ មានឈ្មោះឆុន យ៉ុម អាយុ៤០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះខាងលើនេះ គឺជាជនអនាថា ដើររើសអេតចាយ គ្មានផ្ទះសម្បែងស្នាក់នៅនោះទេ ដោយតែងដើរដេកចល័តតាមមុខផ្ទះប្រជាពលរដ្ឋ និងតាមច្រកឌឿងហែម។ លុះមកដល់ថ្ងៃកើតហេតុ ក៏មានប្រជាពលរដ្ឋដើរកាត់កន្លែងកើតហេតុ ក៏ប្រទះឃើញជនរងគ្រោះខាងលើ ដេកស្លាប់ក្នុងច្រកឌឿងហែមខាងក្រោយសាលាឯកជនមួយកន្លែង ម្តុំផ្សារឌុយមិច ទើបកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងទំនាក់ទំនងទៅសមត្ថកិច្ចការិយាល័យបច្ចេកទេស វិទ្យាសាស្ត្រចុះមកត្រួតពិនិត្យ តែជំហ៊ានដំបូង សមត្ថកិច្ចសន្ឋិដ្ឋានថា សពបុរសខាងលើនេះ គឺស្លាប់ដោយសារតែផឹកស្រាលើសកម្រិតធ្លាយក្រពះ បណ្តាលឱ្យក្អួតឈាមស្លាប់តែម្តង។
សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅបូជានៅវត្តទឹកថ្លា ដោយសារគ្មានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕