ខេត្តកោះកុង ៖ ក្មេងស្រីតូចរៀនថ្នាក់ទី២ម្នាក់ ត្រូវបាននាយកសាលាប្រើអំពើហិង្សា ដោយយករំពាត់វាយត្រង់កំប៉េះគូទ បណ្តាលឱ្យជាំ ហើយគំរាមចាក់ភ្នែក ត្រូវឪពុកម្តាយក្មេងស្រីរងគ្រោះដឹង បាននាំទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ដងទង់ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ហៅនាយកសាលារូបនោះមកដោះស្រាយ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

បុរសដែលវាយកូនសិស្សជាំគូទ មានឈ្មោះឡេង សារិន ជានាយកសាលាចំណេះដឹងទូទៅ កម្ពុជបុត្ត។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ឡេង លីហ្សា អាយុ៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី២ នៅសាលាខាងលើ។

ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់ថា កាលពីវេលារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គ្រូបង្រៀនប្រចាំថ្នាក់របស់នាង អវត្តមាន ទើបលោកគ្រូ ឡេង សារិន ដែលជានាយកសាលាមកបង្រៀនជំនួស ពេលនោះលោកគ្រូនាយកសាលា បានហៅនាងសូត្រ និងគុណលេខ តែនាងធ្វើមិនត្រឹមត្រូវ ស្រាប់តែលោកគ្រូនាយករូបនេះ បានវ៉ៃនាងបណ្តាលឱ្យជាំគូទ។

ដោយឡែក យោងតាមគ្រួសារក្មេងស្រីរងគ្រោះ បានឱ្យដឹងថា ដំបូងឡើយគាត់និងកូនស្រីបានញាំបាយជុំគ្នា ពេលនោះគាត់សង្កេតឃើញកូនស្រីអង្គុយមិនស្រណុកសោះ គាត់ក៏បានសួរនាំ រហូតកូនស្រីឆ្លើយប្រាប់គាត់ថា នាយកសាលា ឈ្មោះឡេង សារិន បានវ៉ៃកំប៉េះគូទនាងឈឺខ្លាំងណាស់ អង្គុយមិនកើតទេ។ គ្រាន់ឮកូនស្រីនិយាយចប់ភ្លាមធ្វើឲ្យគាត់ខឹងខ្លាំងណាស់ ថែលទាំងបានពិនិត្យមើលគូទកូនស្រី រួចសួរនាំដើមចមដែលនាំឲ្យនាយកសាលារូបនោះវាយ កូនស្រីក៏ឆ្លើយបន្តថា នាយកសាលាឲ្យគុណលេខ ហើយនាងគុណខុស ទើបនាយកសាលារូបនោះបានយករំពាត់វ៉ៃ និងគំរាមចាក់ភ្នែកទៀត។

ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះបានបន្តថា លើកទី១ លោកនាយកសាលាឡេង សារិន និងប្រពន្ធ បានមកដល់ផ្ទះដើម្បីសុំគាត់សម្របសម្រួល ដើម្បីបញ្ចប់រឿងនូវទឹកប្រាក់១លានរៀល តែគាត់មិនព្រម ក៏លោកគ្រូនាយកសាលារូបនោះ បានមកលើកទី២ ជូនទឹកប្រាក់៤០០ដុល្លារ ប៉ុន្តែដោយសារគាត់ឃើញកូនស្រីមានការឈឺចាប់ពេក គាត់ក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលដងទង់ តែម្តង។

ចំណែក អនុប្រធានមន្ទីរអបរំ យុវជន និងកីឡាខេត្តកោះកុង លោកសេង សុទ្ធី បានបញ្ជាក់ថា លោកបានទទួលព័ត៌មាននេះហើយ ពេលនេះលោកក៏បានឲ្យគណៈកម្មការចុះត្រួតពិនិត្យ និងស្រាវជ្រាវផងដែរ៕