ខេត្តរតនគីរី ៖ កាលពីវេលាម៉ោង១១ និង៣០យប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ បុរសម្នាក់បន្ទាប់ពីផឹកស្រវឹងជោកជាំ បានទាញកូនកាំបិតមកចាក់ខ្លួនឯង ចំនួន២កាំបិតត្រង់ក្បាលពោះ បណ្តាលឱ្យធ្លាយពោះរងរបួសយ៉ាងធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្តូងមាស។
បុរសរងគ្រោះខាងលើ មានឈ្មោះសល់ ទិញ អាយុ២២ឆ្នាំ ជាជនដើមភាគតិចច្រាយ មុខរបរកសិករ មានប្រពន្ធ និងកូន២នាក់ក្នុងបន្ទុក សព្វថ្ងៃមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាងមិនដឹងជាកើតអ្វី ឱ្យតែផឹកស្រាស្រវឹង ចេះតែប៉ុនប៉ងធ្វើអត្តឃាតមិនឈប់ គិតទៅមិនក្រោម១០ដងទេ ប៉ុន្តែក្រុមគ្រួសារ និងសាច់ញាតិ ចេះតែតាមរារាំងឃាត់ទាន់រហូត លុះដល់ពេលស្វាង ក៏លែងមានគំនិតខ្លីទៀតហើយ។ លុះនៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ប្តីរបស់នាង រួមនឹងអ្នកភូមិ៣-៤នាក់ទៀត បានជួបជុំគ្នាផឹកស្រាស អស់ចំនួនជាង២លីត្រ។ ចំណែកប្តីរបស់នាង ក្រោយពីស្រវឹងធ្លាក់ភ្នែក ក៏ចាប់ផ្តើមអង្គុយរអ៊ូង៉ូវៗ តែម្នាក់ឯងថា “មិនចង់រស់នៅលើលោកនេះទៀតទេ ចង់តែស្លាប់”។ ហើយប្តីរបស់នាងក៏បានដើរចេញទៅរោងបាយ រួចទាញយកកូនកាំបិតចិតបន្លែ មកចាក់ខ្លួនឯងចំត្រង់ក្បាលពោះ ចំនួន២កាំបិត ធ្វើឱ្យកើតមានការផ្អើលឆោឡោតែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ផ្ទះជនរងគ្រោះដើម្បីធ្វើការត្រួតពិនិត្យស្នាមរបួសផងដែរ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាចាក់ខ្លួនឯង ចំនួន២កាំបិតពិតប្រាកដមែន។
ជនរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពឃុំញ៉ាង៕