Tuesday, September 16, 2025
Homeតារាខ្មែរឡាយ លក្ខិណា ចាប់ផ្តើមវ៉ៃឬក បានជាគេវាយប្រហារកណ្តាលឆាកបែបនេះ?

ឡាយ លក្ខិណា ចាប់ផ្តើមវ៉ៃឬក បានជាគេវាយប្រហារកណ្តាលឆាកបែបនេះ?

ឡាយ លក្ខិណា ដែលខំតែតុបតែងខ្លួនឈុតប្រពៃណីយ៉ាងស្រស់ស្អាត ទៅរាំច្រៀងនៅស្ទូឌីយោស៊ីធីអិន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ក្នុងកម្មវិធីថតអបអរឆ្នាំថ្មីនោះ ស្រាប់តែត្រូវគេបំបាក់មុខនៅកណ្តាលឆាកតន្ត្រីចំៗតែម្តង។

អ្នកនាងកាតុ និងរ៉ូលីន បានកាន់ក្បាលមីក្រូប្រកាសក្តែងៗ នាំឱ្យផ្អើលតារាៗពេញឆាកថា “សូមបងប្អូនតារាៗបានល្បី កុំវ៉ៃឬកពាខ្លាំងពេក ! អ្នកខ្លះពេលមិនទាន់ល្បី ចង់ណាស់ថត ធ្វើម៉េចឱ្យតែបានចូលកាមេរ៉ា តែពេលល្បីហើយ លែងមកអើតហើយ ! បងប្អូនតារាៗត្រូវយកគំរូតាមមាស សុខសោភា គេល្បីដល់កំពូល តែមិនចេះវ៉ៃឬកឆ្មើងឆ្មៃអីទេ!។ ចំណែកខ្ញុំ កាតុ វិញ មិនត្រឹមតែមិនចេះវ៉ៃឬកដូចគេទេ គឺបើជួបបងប្អូនមិនមែនញញឹមទេ សើចដាក់តែម្តង។ ដូចលោកអែនឌី អ៊ីចឹង ធ្លាប់ជួយគេច្រើននាក់មកហើយ តែមានអ្នកខ្លះជួបអែនឌី មិននិយាយរកក៏មានដែរ”។

ថ្វីត្បិតតែអ្នកនាងកាតុ និងរ៉ូលីន មិននិយាយចំៗឈ្មោះថា តារាណាដែលវ៉ៃឬកពែមន តែនៅពេលដែលអ្នកយកព័ត៌មានយើងស៊ើបសួរទៅតារាជាច្រើនដួង ទើបពួកគេព្រមខ្សឹបប្រាប់ថា កាតុ និងរ៉ូលីន ចង់និយាយសំដៅទៅអ្នកនាងឡាយ លក្ខិណា។

តារាដែលចូលរាំច្រៀងទាំងនោះ បានឱ្យដឹងថា ក្រោយពេលមានការប្រកាសបែបនេះ អ្នកនាងឡាយ លក្ខិណា ឈរចុចទូរស័ព្ទមួយភ្លែត ហើយក៏ដើរចេញទៅបាត់តែម្តង។

គួរបញ្ជាក់ថា ឡាយ លក្ខិណា បានបាត់ពីសិល្បៈរយៈពេល១២ឆ្នាំមកហើយ និងទើបតែវិលត្រឡប់មកច្រៀងរាំ និងថតសម្តែងភាពយន្តវិញ នៅឆ្នាំ២០១៧ ដោយមានការចាប់ដៃគូជាមួយលោកអែន ឌី។

ថ្មីៗនេះ អ្នកនាងលក្ខិណា ទើបតែវិលត្រឡប់មកពីច្រៀងរាំនៅប្រទេសកាណាដា ហើយតាមព័ត៌មានថា ពេលលក្ខិណា ជួបអែន ឌី នៅឆាក CTN អ្នកទាំង២មិននិយាយស្តីរកគ្នាឡើយ ទើបធ្វើឱ្យលោកអែន ឌី មិនសប្បាយចិត្តទេថា ហេតុអីបានជាលក្ខិណា ប្រែប្រួលលឿនយ៉ាងនេះ ?

អ្នកយកព័ត៌មានយើងបានទូរស័ព្ទសួរទៅលោកអែន ឌី តែលោកថា គ្មានអ្វីត្រូវបកស្រាយឡើយ ព្រោះថ្ងៃនោះ លោកមិនចាប់អារម្មណ៍ថា អ្នកនាងកាតុ និងរ៉ូលីន និយាយស្អីខ្លះទេ ព្រោះគ្នាច្រើនពេក ស្តាប់មិនសូវឮ។

យ៉ាងណា លោកអែន ឌី សារភាពថា អ្នកនាងឡាយ លក្ខិណា ពិតជាចម្លែកមែនតាំងពីមកពីកាណាដា មក មិនដែលទាក់ទងទៅលោកដូចមុនទេ សូម្បីតែជួបគ្នានៅ CTN ក៏គ្មានបានសួរសុខទុក្ខលោកមួយម៉ាត់ទៀត។ លោកឆ្ងល់ថា ឬមួយតារាៗច្រើនពេក អ្នកនាងឡាយ លក្ខិណា មើលលោកមិនឃើញទេដឹង ? លោកអែន ឌី ថា អ្នកនាងឡាយ លក្ខិណា មិនមែនល្បីដោយសារលោកទេ គឺគាត់ល្បីខ្លួនឯង ស្រាប់តែការដែលគាត់ឈប់ពីសិល្បៈមួយរយៈធំហើយ ទើបវិលវិញឆ្នាំមុននេះ គឺលោកបានជ្រោមជ្រែងខ្លះៗមែន ដូចជាការឡើងឆាក ជាដើម។

ដោយឡែក អ្នកនាងឡាយ លក្ខិណា មិនទាន់អាចសុំការបំភ្លឺបានឡើយ កាលពីពេលថ្មីៗនេះ។

ឡាយ លក្ខិណា ធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា អ្នកនាងបាត់ខ្លួន១២ឆ្នាំ ទើបវិលវិញនេះសប្បាយចិត្តបំផុតនៅពេលដែលចូលថតសម្តែងជាថ្មី គ្មានអ្នកណាម្នាក់រិះគន់អ្នកនាងឡើយ។

អ្នកនាងលក្ខិណា ដែលលេចធ្លោក្នុងរឿងភាគហង្សមាស “ផ្កាថ្ម” និងរឿងភាគមួយទៀតរបស់ទូរទស្សន៍បាយ័ននោះថា មានផលិតករជាច្រើនបានហៅអ្នកនាងថតកុនវិញហើយ អំឡុងពេលអ្នកនាងចេញទៅសម្តែងនៅកាណាដា នេះ គឺខាតមិនក្រោម៣រឿងឡើយ៕

RELATED ARTICLES