Wednesday, September 24, 2025
Homeព័ត៌មានជាតិភ្លើងប្រចណ្ឌ!!! ប្តីលីដំបងវាយប្រពន្ធស្លាប់ ដើរទៅមើលគេរាំយ៉ាងព្រងើយ

ភ្លើងប្រចណ្ឌ!!! ប្តីលីដំបងវាយប្រពន្ធស្លាប់ ដើរទៅមើលគេរាំយ៉ាងព្រងើយ

ខេត្តកំពង់ចាម ៖ ប្តីប្រពន្ធ២នាក់ បានកើតមានទំនាស់ពាក្យសម្តីគ្នារួច ស្ត្រីជាប្រពន្ធក៏រត់ទៅដេកផ្ទះអ្នកជិតខាង ស្រាប់តែប្តីចេញទៅផឹកស្រាស្រវឹងជោកជាំ ក៏លីដំបងឈើតាមទៅរកប្រពន្ធ និងបានវាយសំពងប្រពន្ធ ចំនួន៨ដំបង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអធ័ម បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ។

បុរសជាប្តីចិត្តកំណាច មានឈ្មោះច្រិច ដន អាយុ៣៥ឆ្នាំ មុខរបរកសិករ។ ចំណែករងគ្រោះដែលត្រូវប្តីវ៉ៃស្លាប់ មានឈ្មោះចន ថា អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ។ ប្តីប្រពន្ធទាំង២នាក់ខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីអ្នកភូមិ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ បុរសជាប្តីបានចេញទៅផឹកស្រាតាំងពីព្រឹក ឃើញបែបនេះ ទើបស្ត្រីជាប្រពន្ធបានរត់ទៅ ស្នាក់នៅផ្ទះដូនចាស់ម្នាក់ ដែលជាអ្នកជិតខាងឈ្មោះឃុត ផុន អាយុ៧៧ឆ្នាំ។ លុះនៅវេលាម៉ោង២រសៀលថ្ងៃដដែល ស្រាប់តែបុរសជាប្តីដែលបានផឹកស្រាស្រវឹង បានកាន់ដំបងឈើមួយ រួចដើរសំដៅទោរកប្រពន្ធដល់លើផ្ទះអ្នកជិតខាង បន្ទាប់មកក៏យកដំបងឈើនោះវាយសំពងប្រពន្ធយ៉ាងចាស់ដៃ បណ្តាលឱ្យស្ត្រីជាប្រពន្ធទទួលរងរបួសយ៉ាងធ្ងន់។ បន្ទាប់ពីវាយសំពងប្រពន្ធរួច បុរសជាប្តី មិនបានដឹងថា ប្រពន្ធរបស់ខ្លួនស្លាប់ទេ រួចក៏ដើរចេញទៅមើលគេរាំនៅក្នុងភូមិ ដែលមានចំងាយប្រមាណ៣០០ម៉ែត្រពីកន្លែងកើតហេតុ។

លុះនៅវេលាម៉ោង៦ព្រលប់ថ្ងៃដដែល ស្ត្រីរងគ្រោះជាប្រពន្ធបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ទើបអ្នកជិតខាងបានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ និងតាមចាប់ខ្លួនជនដៃដល់ជាប្តីនាំយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកចំការលើ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដំបងឈើវាយប្រពន្ធពិតមែន មូលហេតុដោយសារតែខ្លួនបានផឹកស្រាស្រវឹងខ្លាំងផង ណាមួយមានចិត្តប្រចណ្ឌប្រពន្ធផង ទើបបណ្តាលឱ្យវាយជ្រុលដៃរហូតដល់ប្រពន្ធស្លាប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យជាប្តី ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវីធី។ ដោយឡែក សាកសពស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES