ខេត្តកំពង់ចាម ៖ មន្ត្រីអាវុធហត្ថដែលត្រូវគេស្គាល់ថា ជាកូនប្រុសរបស់លោកមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ បានយល់ព្រមបង្ហាញខ្លួន នៅចំពោះមុខសមត្ថកិច្ចហើយ កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដើម្បីទទួលទោសកំហុសរបស់ខ្លួនពាក់ព័ន្ធការវាយ និងដកកាំភ្លើងភ្ជង់ទៅលើយុវជន២នាក់ ក្នុងហាងអ៊ីនធឺណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម។

មន្ត្រីអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ថា នៅរសៀលថ្ងៃនេះ មន្ត្រីអាវុធហត្ថឈ្មោះសាន្ត សុខុម បានចេញមកបង្ហាញមុខ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តហើយ ដើម្បីទទួលទោសរបស់ខ្លួនដែលបានប្រព្រឹត្តទៅលើយុវជនទាំង២នាក់នោះ។
បើតាមមន្ត្រីអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ជាអ្នកនាំកូនប្រុសរបស់ខ្លួន យកមកប្រគល់ជូនអាវុធហត្ថខេត្តកំពង់ចាម ដើម្បីទទួលទោសកំហុសទាំងនេះ ហើយលោកបានព្យាយាមទាក់ទងកូន រហូតបាននាំខ្លួនមកប្រគល់ជូនសមត្ថកិច្ចអាវុធហត្ថខេត្តកំពង់ចាម នៅពេលនេះតែម្តង។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងព្រមានថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន នឹងប្រឈមមុខបាត់បង់តំណែងតួនាទីរបស់ខ្លួន ប្រសិនបើមិននាំកូនប្រុសឈ្មោះសាន្ត សុខុម ជាមន្ត្រីអាវុធហត្ថដែរនោះ ចូលខ្លួនដោះស្រាយបញ្ហាជុំវិញការប្រើហិង្សាលើយុវជនពីរនាក់នៅក្នុងខេត្តកំពង់ចាមទេនោះ។ ការប្រកាសរបស់សម្តេចហ៊ុន សែន បានធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិជាង១ពាន់នាក់។

សម្តេចហ៊ុន សែន បានថ្លែងបញ្ជាក់ថា “ផ្តាំទៅមេប៉េអឹមខេត្តក្រចេះផង បញ្ចុះបញ្ចូលកូនឱ្យមកតាមការកោះហៅរបស់ព្រះរាជអាជ្ញា ខេត្តកំពង់ចាមមក។ វាអត់ទាន់មានរឿងអីទេ ប៉ុន្តែបើស្រឡាញ់កូនពេកអ្នកនឹងអស់ស័ក្តិ។ ខ្ញុំអត់ធ្វើអីទេ ខ្ញុំគ្រាន់តែដកស័ក្តិបណ្តេញចោល តែប៉ុណ្ណឹង”។

សូមបញ្ជាក់ថា តាមរយៈវីដេអូកាមេរាសុវត្ថិភាពនៅក្នុងហាងអ៊ិនធើណេតនៅខេត្តកំពង់ចាម ដែលត្រូវបានលោកមាច មករា កូនប្រុសអភិបាលរងខេត្តកំពង់ចាម កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ មន្ត្រីអាវុធហត្ថខេត្តក្រចេះ ឈ្មោះសាន្ត សុខុម បានប្រើហិង្សាវាយ និងដកកាំភ្លើងភ្ជង់យុវជនពីររូបនៅក្នុងហាងអ៊ិនធើណេត។ វីដេអូបង្ហាញពីអំពើហិង្សាមួយនេះនាំឱ្យផ្ទុះនូវការរិះគន់យ៉ាងខ្លាំងក្លាពីមហាជន៕