ខេត្តមណ្ឌលគិរី ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញទ្រព្យសម្បត្តិរបស់ប្រើប្រាស់មួយចំនួនធំ ថែមទាំងលុយដែលទើបតែខ្ចីបានពីធនាគារ ទុកប្រើប្រាស់អស់រលើងថែមទៀត។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅក្នុងភូមិអូររអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។

តាមប្រភពពីមន្ត្រីនគរបាលនៅកន្លែងកើតហេតុ បានស្រង់សម្តីម្ចាស់ផ្ទះ បានឱ្យដឹងថា ដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ ដែលបានទុករ៉ូឡូព្រីភ្លើងនៅក្បែរជើងមុង សម្រាប់ដោតកង្ការ ដោយពុំបានដកចេញ ទើបបណ្តាលឱ្យក្តៅឆ្លងចរន្តចេញជាអណ្តាតភ្លើងឆាបឆេះជើងមុង រាលដល់ពូក ខ្នើយ គ្រែ និងសម្ភារៈនៅក្នុងផ្ទះយ៉ាងសន្ធោសន្ធៅ ផ្អើលដល់អ្នកក្បែរខាងរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកអន្តរាគមន៍តែម្តង។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍សមត្ថកិច្ចនគរបាលស្រុក បានចេញរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង មកជួយបាញ់ទឹកពន្លត់ ខណៈអាជ្ញាធរមូលដ្ឋាននិងពលរដ្ឋកំពុងជួយដែរនោះ បាញ់អស់ទឹកមួយស៊ីទែន ក៏រលត់ទៅវិញ។

ប៉ុន្តែយ៉ាងណា របស់របរទ្រព្យសម្បត្តិក្នុងផ្ទះត្រូវខូចខាតអស់ ដោយទាំងលុយទើបខ្ចីបានពីធនាគារ ចំនួន៣ពាន់ដុល្លារ និងប្រាក់រៀលចំនួន៩០ម៉ឺនរៀលថែមទៀត៕