Wednesday, September 24, 2025
Homeព័ត៌មានជាតិបងស្រីឈ្លោះគ្នា ប្អូនថ្លៃចូលជួយ គេដាល់៣ដៃបែកច្រមុះ

បងស្រីឈ្លោះគ្នា ប្អូនថ្លៃចូលជួយ គេដាល់៣ដៃបែកច្រមុះ

ភ្នំពេញ ៖ យុវជនម្នាក់កំពុងអង្គុយផឹកស្រា ឃើញនារីជាអ្នកជិតខាងបើករថយន្តក្បែរម៉ូតូរបស់ខ្លួន ក៏ដើរទៅសួរចង់ដឹងថា មានទើសផ្លូវអត់? ស្រាប់តែកើតជាជម្លោះបែកផ្សែង លុះប្អូនថ្លៃរបស់នារីជាម្ចាស់រថយន្តឮបងស្រីឈ្លោះគ្នា ក៏ស្ទុះចេញមកជួយ ដោយចាប់ក្របួចកអាវគូទំនាស់បងស្រី និងមិនទាន់បានធ្វើអ្វីផង ក៏ត្រូវគេដាល់៣ដៃចំកណ្តាលមុខ បណ្តាលបែកច្រមុះហូរឈាមស្រោចខ្លួន ផ្អើលដល់សមត្ថកិច្ច ចុះនាំភាគីទាំងសងខាងយកមកសាកសួរនៅប៉ុស្តិ៍។

ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលំ ក្រុម១០ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះមាស វណ្ណា អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានលំនៅផ្ទះលេខ១៤១១ ផ្លូវលំ ក្រុមទី១០ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះមានឈ្មោះទៀង ម៉េងគ័ង អាយុ៣៥ឆ្នាំ មុខរបរជាងឡាន មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះមាស វណ្ណា កំពុងអង្គុយផឹកស៊ីនៅក្នុងផ្ទះអ្នកជិតខាង ដោយទុកម៉ូតូនៅទល់មុខកន្លែងផឹកនៅផ្លូវម្ខាង។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿង បើកបរដោយឈ្មោះអ៊ុង រចនា ភេទស្រី ត្រូវជាបងរបស់ជនរងគ្រោះ បានបើកមកឈប់នៅមុខកន្លែងជនសង្ស័យកំពុងផឹកស៊ី។ ពេលនោះ ជនសង្ស័យក៏បានសួរថា ទើសម៉ូតូមែន? ហើយក៏បានទាស់ពាក្យសម្តីគ្នាទៅវិញទៅមក។ ពេលនោះ ជនរងគ្រោះឈ្មោះអៀម ម៉េងគ័ង ត្រូវជាប្អូនថ្លៃរបស់ម្ចាស់រថយន្ត ក៏បានចុះពីលើផ្ទះមកសួរនាំ តែពេលមកដល់ ក៏បានកាន់កអាវឈ្មោះមាស វណ្ណា ទើបឈ្មោះមាស វណ្ណា ក៏បានដាល់ទៅលើជនរងគ្រោះ៣ដៃ បណ្តាលឱ្យបែកច្រមុះហូរឈាមជោកខ្លួនតែម្តង។

តាមសម្តីជនរងគ្រោះឈ្មោះអៀម ម៉េងគ័ង បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈដែលខ្លូនកំពុងអង្គុយនៅលើផ្ទះ ហើយឮសូរសំឡេងបងថ្លៃឈ្មោះអ៊ុង រចនា ប្រកែកគ្នាជាមួយយុវជនម្នាក់ ដោយមិនទាន់ដឹងមូលហេតុអ្វីនោះទេ ទើបចុះមកជួយ ដោយបានយកដៃទៅចាប់កអាវរបស់យុវជននោះ ស្រាប់តែយុវជនរូបនោះ បានដាល់មកលើខ្លួនចំនួន៣ដៃ បណ្តាលបែកច្រមុះហូរឈាមតែម្តង ។

ចំណែកជនសង្ស័យបានរៀបរាប់ថា នៅមុនពេលកើតហេតុ ខ្លួនកំពុងអង្គុយផឹកស៊ី ស្រាប់តែរថយន្តមួយគ្រឿង​ម៉ាក CAMRY ស៊េរីឆ្នាំ២០១២ ពណ៌កណ្តុរល្មែះ (មិនចាំស្លាកលេខ) បើកមកដល់មុខកន្លែងដែលខ្លួនអង្គុយផឹកស៊ី ក្នុងល្បឿនយឺតៗ ទើបខ្លួនបានដើរទៅសួរម្ចាស់រថយន្តថា បងមានទើសផ្លូវអត់? ពេលនោះម្ចាស់រថយន្ត ឆ្លើយថាទើស! បន្ទាប់មក ខ្លួនក៏បានបើកសោម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ រួចស៊ីផ្លេ បញ្ជាក់ម្ចាស់រថយន្តម្តងទៀត ពេលនោះប្អូនប្រុសម្ចាស់រថយន្តបានស្ទុះមកវាយខ្លួន ចំថ្ពាល់ខាងឆ្វេងចំនួន២ដៃ បន្ទាប់មក ខ្លួនក៏បានការពារខ្លួន ក៏គ្រវាសដៃទៅត្រូវប្អូនប្រុសម្ចាស់រថយន្តនោះ ចំច្រមុះ បណ្តាលឱ្យហូរឈាម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតខាងចូលមកជួយឃាត់ និងរាយការណ៍ប្រាប់កម្លាំងល្បាតចុះមកឃាត់ខ្លន យកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម។

ក្រោយកើតហេតុ ភាគីខាងជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ និងចាត់ការតាមនីតិវិធី៕

RELATED ARTICLES