ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋ១ក្រុម ព្រួតវាយដំ ដោយខ្លះប្រើដៃជើង ខ្លះប្រើដំបង និងដុំថ្ម បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ រហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីមានស្ត្រីម្នាក់បានស្រែកចេញពីក្នុងផ្ទះមក ថា “ចោរៗ” ទើបធ្វើឱ្យផ្អើលដល់អ្នកជិតខាង ព្រួតវាយជ្រុលដៃដល់ស្លាប់ ទីបំផុតក្រុមគ្រួសារជនរងគ្រោះអះអាងថា ជនរងគ្រោះមិនមែនជាចោរនោះទេ និងថែមទាំងបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ផង ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងចំណោមបក្ខពួក៦ទៅ៧នាក់ ដែលបានព្រួតគ្នាប្រើប្រាស់ហិង្សាទៅលើជនរងគ្រោះ។

ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចសំណង់មិនរៀបរយ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះវ៉ាត វិឆ័យ អាយុ៣០ឆ្នាំ មុខរបរកម្មករ ទី២-ឈ្មោះធី ភា អាយុ១៩ឆ្នាំ មុខរបរសន្តិសុខ និងទី៣-ឈ្មោះ សេង សុខធី ហៅអាយួន អាយុ២២ឆ្នាំ ជាជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង៣នាក់ ស្នាក់នៅម្តុំកើតហេតុខាងលើ។ ចំណែកបុរសដែលទទួលរងការចោទប្រកាន់ថា ជាចោរ និងត្រូវគេព្រួតវាយរហូតដល់ស្លាប់ មានឈ្មោះហ៊ុន សំអុល ហៅឡឹង អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ បុរសដែលត្រូវគេព្រួតវាយដល់ស្លាប់ បានចូលទៅក្នុងផ្ទះខ្ទម១កន្លែង ក្នុងតំបន់មិនរៀបរយ។ លុះបន្តិចក្រោយមក ក៏លាន់ឮសំឡេងនារីម្នាក់ស្រែកចេញពីក្នុងផ្ទះឱ្យគេឯងជួយ និងស្រែកខ្លាំងៗថា “ចោរចូលផ្ទះៗ”។ ភ្លាមនោះ បុរសរូបនោះក៏ចេញមកក្រៅវិញ ស្រាប់តែត្រូវក្រុមប្រជាពលរដ្ឋច្រើននាក់ ដែលរស់នៅក្បែរនោះ ឮសម្រែកថា ចោរៗ ក៏នាំគ្នាចាប់ព្រួតវាយដោយដៃ និងដំបងដែកតែម្តង ជាហេតុធ្វើឱ្យបុរសរូបនោះ បែកក្បាលហូរឈាមស្រោចខ្លួន។

ប្រភពដដែលបន្តថា ក្រោយពីព្រួតវាយរួចមក បុរសត្រូវគេចោទព្យាយាមរត់គេចចេញ តែត្រូវក្រុមពលរដ្ឋរត់ដេញតាម និងស្រែកថា “ចោរៗ” ពីក្រោយ រហូតរត់ដល់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ក៏ត្រូវនគរបាលចរាចរណ៍ប្រចាំការឃាត់បាន និងឃើញសភាពរបួសធ្ងន់ធ្ងរ រហូតសន្លប់ស្តូកស្តឹង ក៏ទាក់ទងហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ តែអកុសល ពេលដឹកទៅដល់ គ្រូពេទ្យពិនិត្យរួចប្រាប់ថា បុរសរូបនោះបានដាច់ខ្យល់ស្លាប់ទៅហើយ។

លោកវរសេនីយ៍ទោ ម៉េង វិមានតារ៉ា អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាក់ប្រាប់ថា តាមការសួរនាំលើនារីរងគ្រោះ ដែលស្រែកថាចោរនោះ គឺបានបញ្ជាក់ថា បុរសដែលស្លាប់បានចូលទៅក្នុងផ្ទះរបស់នាង មានបំណងមិនល្អ និងប៉ងឆក់កាបូបលុយ ខណៈនាងកំពុងនៅម្នាក់ឯង ទើបនាងស្រែកឆោឡោហៅអ្នកភូមិឱ្យជួយ ពេលនោះក្រុមយុវជនរស់នៅតំបន់នោះ ក៏ស្ទុះនាំគ្នាព្រួតវាយតែម្តងទៅ។ ជុំវិញរឿងរ៉ាវនេះ នារីរងគ្រោះក៏ដាក់ពាក្យបណ្តឹងប្តឹងសព ដែលស្លាប់ចំពោះសកម្មភាពដែលប្រព្រឹត្តិផងដែរ។

លោកអធិការបន្តថា ក្រោយការស្លាប់បុរសត្រូវចោទរួចមក សាច់ញាតិរបស់សព បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលមូលដ្ឋាន ដើម្បីឱ្យជួយស្រាវជ្រាវរកយុត្តិធម៌ជូនសាច់ញាតិរបស់គេ ដែលស្លាប់ផង ព្រោះពួកគេថា ករណីនេះជាករណីមានចេតនាព្រួតវាយសម្លាប់ ដោយបុរសដែលស្លាប់ ពុំមែនជាចោរលួច ឬចោរឆក់ដូចគេចោទប្រកាន់ឡើយ។
ក្រោយទទួលពាក្យបណ្តឹងហើយនោះ កម្លាំងនគរបាលចម្រុះដឹកនាំដោយលោកអធិការនគរបាលខណ្ឌចុះទៅចំណុចកើតហេតុ រហូតឃាត់ខ្លួនមនុស្ស៣នាក់ ព្រមទាំងដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានចូលរួមវាយបុរសរូបនោះប្រាកដមែន ប៉ុន្តែពួកគេប្រើតែដៃប៉ុណ្ណោះ។ ចំណែកគ្នីគ្នាពួកគេផ្សេងទៀត បានប្រើដំបងវាយក្បាលបុរសរូបនោះ រហូតរបួសធ្ងន់ដល់ស្លាប់បែបនេះ។
ជនសង្ស័យទាំង៣នាក់ បានអះអាងថា មូលហេតុដែលពួកគេទៅវាយបុរសរូបនោះ គឺដោយសារឮសំឡេងនារីនៅក្នុងផ្ទះនោះ ស្រែកថា មានចោរ និងស្រែកឱ្យជួយ ទើបពួកគេ សម្រេចទៅជួយ និងព្រួតវាយបុរសរូបនោះតែម្តង។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតយ៉ាងដុតដៃដុតជើង ធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដឱ្យឃើញ ដើម្បីឈានដល់ការផ្តល់យុត្តិធម៌ជូនជនរងគ្រោះពិតប្រាកដ៕