ភ្នំពេញ ៖ ករណីគួរឱ្យភ្ញាក់ផ្អើល ខណៈដែលបុរសម្នាក់ដែលអះអាងថាជាម្ចាស់រថយន្ត បានប្រទះឃើញរថយន្តរបស់ខ្លួនដែលបាត់កាលពីជិត១០ឆ្នាំ។ ហេតុការណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខសណ្ឋាគារឌីយ៉ាម៉ង់ ភូមិ៥សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

ប្រភពពីសមត្ថកិច្ចខណ្ឌដូនពេញ បានឱ្យដឹងថា បុរសដែលអះអាងថាជាម្ចាស់រថយន្តខាង ដែលបាត់១០ឆ្នាំនេះ ឈ្មោះលី ហួត ភេទប្រុស អាយុ៨៦ឆ្នាំ បានជិះរថយន្តតាមផ្លូវមុន្នីវង្ស មកដល់ចំណុចមុខសណ្ឋាគារឌីយ៉ាម៉ង់ ភូមិ៥ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ក៏ឃើញរថយន្តម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2N-4217 ហើយគាត់អះអាងថា ជារថយន្តរបស់ខ្លួនបានបាត់ជិត១០ឆ្នាំហើយ ចតនៅលើចិញ្ចើមផ្លូវមុខសណ្ឋាគារ។ បន្ទាប់ពីបានឃើញរថយន្តនេះមកគាត់បានមករាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅសួរនាំរកម្ចាស់រថយន្ត។

មន្ត្រីនគរបាលដដែលបន្តថា រថយន្តខាងលើមានម្ចាស់ឈ្មោះ Emori kenni Chiro ភេទប្រុស ឆ្នាំកំណើត២៥.០២.១៩៥០ ជនជាតិជប៉ុន កាន់លិខិតឆ្លងដែន TR3117828 បានអះអាងថា បានទិញរថយន្តពីឈ្មោះតឹក គា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប តំម្លៃ១៧០០០ដុល្លារ (មួយម៉ឺនប្រាំពីរពាន់ដុល្លារអាមេរិក) បច្ចុប្បន្ន រថយន្តខាងលើ សមត្ថកិច្ចយកមករក្សារទុកនៅប៉ុស្តិ៍ រង់ចាំភាគីទាំងពីរធ្វើការដោះតាមច្បាប់ ដោយពុំទាន់ដឹងលទ្ធផលនៅឡើយ៕

