Wednesday, September 24, 2025
Homeព័ត៌មានជាតិសង្សារ១គូ ស្លាប់ក្នុងថ្ងៃតែមួយ ព្រោះតែឡានបត់ឆ្លងផ្លូវមិនប្រយ័ត្ន

សង្សារ១គូ ស្លាប់ក្នុងថ្ងៃតែមួយ ព្រោះតែឡានបត់ឆ្លងផ្លូវមិនប្រយ័ត្ន

ភ្នំពេញ ៖ កាលពីវេលាម៉ោង៤ និង២០នាទីទៀបភ្លឺ  យុវជនម្នាក់ទើបនឹងទិញម៉ូតូថ្មី ក៏ជិះទៅទទួលសង្សារ និងនារីជាមិត្តភក្តិសង្សារម្នាក់ទៀត ទៅដើរលេងជុំគ្នា ស្រាប់តែអកុសល បានជិះបុករថយន្ត១គ្រឿង ដែលបត់ឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យយុវជនរងគ្រោះ និងយុវតីជាសង្សារស្លាប់នៅនឹងកន្លែងគួរឱ្យសង្វេគ ចំណែកនារីម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើល នៅលើកំណាត់ផ្លូវជាតិលេខ៣ កែងផ្លូវបេតុង៣០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ។

យុវជនរងគ្រោះមានឈ្មោះស៊ុ សុភាព អាយុ១៨ឆ្នាំ មុខរបរលក់ដូរ មានលំនៅភូមិចាន់ល្អង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ចំណែកនារី២នាក់ដែលរួមដំណើរ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ក្នុងនោះ ម្នាក់បានស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជនរស្មី។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង៣នាក់ខាងលើ (ប្រុស១ ស្រី២) ជិះម៉ូតូ១គ្រឿងម៉ាកស៊ុយស៊ូគីលែត ពណ៌ស លាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1HN-7435​ ដឹកគ្នាធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តនីស្សាន់ ពណ៌ទឹកក្រូច ពាក់ស្លាកលេខព្រៃវែង 3A-0048 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ ធ្វើដំណើរបញ្ច្រាសទិសគ្នា និងបានបត់ឆ្វេងឆ្លងផ្លូវទាំងកំរោល​ ទើបធ្វើឱ្យម៉ូតូជនរងគ្រោះចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពីមុខផ្នែកខាងស្តាំនៃរថយន្ត បណ្តាលឱ្យបោកដួលតែម្តង ធ្វើឱ្យយុវជនជាអ្នកបើកម៉ូតូ រួមនឹងនារីម្នាក់ទៀត បានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកនារីដែលរួមដំណើរម្នាក់ទៀត រងរបួសធ្ងន់។ រីឯអ្នកបើករថយន្តឃើញសភាពបែបនេះ ក៏ប្រញាប់ចុះពីលើរថយន្តរត់គេចបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង និងអូសយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោក ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី។ ចំណែកសាកសពយុវជនជាអ្នកបើកម៉ូតូ ត្រូវបានសមត្ថកិច្ចផ្តល់ដំណឹងដល់ក្រុមគ្រួសារមកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ រីឯសាកសពនារីម្នាក់ទៀត ដែលមិនស្គាល់អត្តសញ្ញាណ សមត្ថកិច្ចបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES