Wednesday, September 24, 2025
Homeព័ត៌មានជាតិកំណត់ច្បាស់ហើយ!!! វាសនាឧកញ៉ាថោង សារ៉ាត់ ជាប់គុកអស់១ជីវិត

កំណត់ច្បាស់ហើយ!!! វាសនាឧកញ៉ាថោង សារ៉ាត់ ជាប់គុកអស់១ជីវិត

ភ្នំពេញ ៖ ទីបំផុត វាសនារបស់ឧកញ៉ាថោង សារ៉ាត់ ត្រូវបានតុលាការកំណត់ច្បាស់ហើយ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នេះ ដោយតុលាការបានសម្រេចប្រកាសសាលក្រមផ្តន្ទាទោស ឧកញ៉ាថោង សារ៉ាត់ ដាក់គុកអស់១ជីវិត លើករណីបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ។

ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់សាធារណជន អស់រយៈពេលជាច្រើនខែមកនេះ អង្គសវនាការក្នុងសំណុំរឿងឃាតកម្មលើលោកឧកញ៉ាអ៊ឹង ម៉េងជឺ ត្រូវជំនុំជម្រះប្រកាសយកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ដើម្បីកំណត់ប្រកាសសាលក្រមផ្តន្ទាទោសក្រុមបក្ខពួកឧកញ៉ាថោង សារ៉ាត់ ដែលសង្ស័យថា ជាក្រុមឃាតករបាញ់ប្រហារលើឧកញ៉ា អ៊ឹង ម៉េងជឺ។

គួរបញ្ជាក់ថា សំណុំរឿងមួយនេះមានជនជាប់ចោទសរុប៥នាក់ ១-ឈ្មោះថោង សារ៉ាត់ ថៅកែក្រុមហ៊ុន៩៩៩ និងអង្គរក្ស ២-ឈ្មោះ សៀង វាសនា ៣-ឈ្មោះ កូយ ចាន់ថុល ៤-ឈ្មោះ មាស សម្បត្តិ និង៥-ឈ្មោះឈុន ចិត្រា ទាំង៥នាក់ ជាប់ចោទពីបទឃាតកម្ម បាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ។

សវនាការជាច្រើនលើកកន្លងមក ជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ មិនដែលបានចូលរួមឈរមុខរង្វង់ក្រចកសេះ ដើម្បីឱ្យអង្គសវនា ការសាកសួរដេញដោលនោះទេ រហូតមានពេលខ្លះត្រូវអនុរក្សពន្ធនាគារ ដឹកតាមរទេះរុញចូលដល់ក្នុងសាលសវនាការហើយ តែអាក់ខានទៅវិញ ដោយជនជាប់ចោទ ថោង សារ៉ាត់ មានអាការៈបញ្ហាសុខភាព។

គួររំលឹកថា លោកឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ង់ត៍ត្បូងពេជ្រ ត្រូវបានឃាតករបាញ់សម្លាប់ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចខាងមុខហាងលក់ផ្លែឈើ យីហោ ឡោ តិចសេង ស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ សំណុំរឿងនេះបានអូសបន្លាយពេល ជាង៥ឆ្នាំហើយ ទើបឈានដល់ការសម្រេចប្រកាសសាលក្រមផ្តន្ទាទោស ឧកញ៉ា ថោង សារ៉ាត់ ជាមេខ្លោងក្នុងសំណុំរឿងមួយនេះ ឱ្យជាប់ពន្ធនាគារអស់១ជីវិត៕

RELATED ARTICLES