ភ្នំពេញ ៖ ស្ត្រីជាប្រពន្ធម្នាក់ ទ្រាំទ្រលែងបាននឹងបុរសជាប្តីដែលតែងតែប្រើអំពើហិង្សា វាយដំបង្ខំរួមរ័កមិនឈប់ ក៏សុំលែងលះ ដោយរត់ទៅជួលផ្ទះថ្មីស្នាក់នៅ បាន១០ថ្ងៃ ស្រាប់តែបុរសជាប្តីតាមមកដល់ បានវាយទាត់ធាក់ រួចគេចខ្លួនបាត់ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីជាប្រពន្ធដែ់លរងគ្រោះដែលត្រូវប្តីកំណាចវាយទាត់ធាក់នេះ មានឈ្មោះឈុន លីមុន្នីរដ្ឋា អាយុ៣០ឆ្នាំ មុខរបរលក់ស៊ុបគ្រឿងក្នុង រស់នៅបន្ទប់ជួលភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនដៃដល់ជាប្តី មានឈ្មោះកែវ បូរ៉ាស៊ី អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា អំឡុងពេលរួមរស់ជាមួយប្តី ៨ឆ្នាំនេះ បង្កើតបានកូន២នាក់ ប៉ុណ្តែជីវិតនាងពុំមានសុភមង្គលទេ ដោយសារតែប្តីមានចរិតកោងកាច ចូលចិត្តប្រើអំពើហិង្សាដាក់ប្រពន្ធកូនជាញឹកញាប់ និងថែមទាំងបានបំផ្លាញទ្រព្យសម្បត្តិសឹងរាប់ម៉ឺនដុល្លារទៀតផង។ រហូតដល់នាងទ្រាំលែងបាន ក៏សម្រេចសុំលែងលះគ្នាជាមួយប្តី។ មកដល់ថ្ងៃកើតហេតុ នាងបានលែងលះគ្នាជាមួយប្តីអស់រយៈពេល១០ថ្ងៃមកហើយ ដោយបានបែងចែកកូនគ្នាម្នាក់មួយ។ លុះ២ថ្ងៃមុនកើតហេតុ នាងក៏បានដូរមកស្នាក់នៅផ្ទះជួលថ្មីដែរ ដើម្បីគេចមុខពីប្តី ដោយមិនឱ្យប្តីដឹងឡើយ ស្រាប់តែប្តីបែរជាតាមមករកនាងរហូតដល់ឃើញផ្ទះជួលថ្មី ខណៈដែលនាងកំពុងដេកនៅក្នុងបន្ទប់ជួល ស្រាប់តែប្តីបានបើកទ្វារចូលមករកនាង រួចក៏បង្ករឿងឈ្លោះប្រកែក និងថែមទាំងបានស្ទុះមកទាត់នាងមួយជើងចំភ្នែក បណ្តាលឱ្យប៉ោងមុខ និងបាក់ក្តោងច្រមុះឈាម ហូរអត់ឈប់។ លុះក្រោយពីបង្កហិង្សាយ៉ាងព្រៃផ្សៃ មកលើនាងជាប្រពន្ធរួចហើយ ប្តីនោះ ក៏បានរត់គេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះជាប្រពន្ធបានរត់មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ទាំងយប់។ ហើយរហូតមកដល់ពេលកនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនជនបង្កជាប្តី ដើម្បីនាំយកមកសាកសួរ និងផ្តន្ទាទោសតាមច្បាប់៕
