Wednesday, September 24, 2025
Homeព័ត៌មានជាតិអ្នករត់កង់៣ រំលោភក្មេងស្រី ដោយប្រើដៃ ជាប់ខ្នោះសមត្ថកិច្ច

អ្នករត់កង់៣ រំលោភក្មេងស្រី ដោយប្រើដៃ ជាប់ខ្នោះសមត្ថកិច្ច

ភ្នំពេញ ៖ ក្មេងស្រីរងគ្រោះម្នាក់ បានត្អូញប្រាប់ម្តាយថា ឈឺប្រដាប់ភេទ ម្តាយក៏នាំទៅមន្ទីរពេទ្យពិនិត្យ ទើបដឹងថាកូនស្រីដាច់រលាត់ប្រដាប់ភេទ លុះសួរនាំកូនស្រី បែកធ្លាយរឿងត្រូវជនសង្ស័យជាអ្នករត់ម៉ូតូកង់បីចាប់រំលោភ ទើបឈានដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យនាំយកមកចាត់ការតាមច្បាប់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។

ជនសង្ស័យល្មោភកាម មានឈ្មោះស្រុង ឡូញ អាយុ៣៩ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងសន្តិសុខយាមក្នុងខុនដូ៩៩៩ ស្នាក់នៅបន្ទប់ជួលក្នុងបរិវេណខុនដូ៩៩៩ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះច.រ.ស.វ.ណ.វ.ត អាយុ៧ឆ្នាំ ស្នាក់នៅក្នុងបន្ទុកគ្រួសារ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្តាយបាននាំកូនប្រុសស្រីហូបបាយជុំគ្នា ពេលនោះកូនស្រី (ក្មេងស្រីរងគ្រោះ) បានប្រាប់ម្តាយថា ឈឺប្រដាប់ភេទ តែម្តាយខ្លួនមិនជឿ។ លុះដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះបានប្រាប់ម្តាយជាលើកទី២ ទើបម្តាយបាននាំក្មេងស្រីរងគ្រោះទៅឱ្យគ្រូពេទ្យក្នុងអង្គការ CPU ពិនិត្យមើល ឃើញមានស្នាមដាច់រលាត់ប្រដាប់ភេទ ទើបសួរកូនស្រីថា មានរឿងអ្វីកើតឡើង ក្មេងស្រីរងគ្រោះក៏បានឆ្លើយប្រាប់ម្តាយថា នាងត្រូវបានជនសង្ស័យជាអ្នករត់ម៉ូតូកង់បី ប្រើដៃលូកលេងប្រដាប់ភេទ កាលពីប៉ុន្មានថ្ងៃមុន។

លុះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ម្តាយក្មេងស្រីរងគ្រោះ និងអង្គការ CPU ក៏បាននាំក្មេងស្រីរងគ្រោះទៅពិនិត្យនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ឃើញមានស្នាមដាច់រលាត់ប្រដាប់ភេទ ទើបត្រឡប់មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម។ រហូតដល់ម៉ោង៥និង៣០នាទីល្ងាចថ្ងៃដដែល បានដាក់កម្លាំងតាមប្រមាញ់ចាប់ជនសង្ស័យនៅចំណុចកើតហេតុខាងលើ យកមកធ្វើការនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។

ជនសង្ស័យឈ្មោះស្រុង ឡូញ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើម្រាមដៃលេងប្រដាប់ភេទក្មេងស្រីរងគ្រោះប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES