Tuesday, September 16, 2025
Homeតារាខ្មែរព្រាប សុវត្ថិ ផ្ទុយពីការព្រមាន អ្នកចូលទស្សនាពេញសាលនៅអាមេរិក

ព្រាប សុវត្ថិ ផ្ទុយពីការព្រមាន អ្នកចូលទស្សនាពេញសាលនៅអាមេរិក

ព្រាប សុវត្ថិ បានចេញច្រៀងសម្តែងលើកដំបូង នៅអាមេរិក កាលពីថ្ងៃទី២៤ ខែមីនា ក្រោយតារាហង្សមាស រូបនេះ បានដឹកដៃកូនប្រុសទាំង៣ ចេញពីស្រុកខ្មែរ កាលពីថ្ងៃទី២១ ខែមីនា ដើម្បីចូលរួមសម្តែង Us Mega Tour Concert ដែលរៀបចំដោយម្ចាស់ Sponsor ជាអតីតតារាសម្តែង លោកហង្ស ឈា។

តាមរយៈការច្រៀងរាំបើកឆាកនោះ ព្រាប សុវត្ថិ និងកូនប្រុសទាំង៣ មានអ្នកចូលទស្សនាឡើងណែនសាលសម្តែង ដែលនេះបញ្ជាក់ថា ព្រាប សុវត្ថិ និងកូនប្រុស បានរួចផុតទុក្ខភ័យហើយ ព្រោះតែមុនចេញពីស្រុកខ្មែរ តារាហង្សមាស នេះ ត្រូវបានអាណិកជនខ្មែរ នៅអាមេរិក មួយចំនួន បានព្រមានថា មិនស្វាគមន៍លោក ហើយនឹងមិនទៅចូលទស្សនាការសម្តែងរបស់លោក និងកូនប្រុសឡើយ។

ការព្រមានធ្វើពហិការមិនចូលមើលការច្រៀងរាំរបស់ព្រាប សុវត្ថិ នេះ ត្រូវបានអតីតតារាដែលកំពុងរស់នៅអាមេរិក បានបង្ហើបឱ្យដឹងថា ដោយសារអាណិកជននៅទីនោះមិនពេញចិត្តព្រាប សុវត្ថិ ធ្លាប់ហែបក្សកន្លងមក។ ពេលនេះអ្វីៗត្រូវបញ្ជាក់ច្បាស់ហើយថា ចំនួនអាណិកជនខ្មែរ នៅអាមេរិក ដែលមិនពេញចិត្តព្រាប សុវត្ថិ គឺមានតិចជាងអ្នកដែលគាំទ្រការច្រៀងសម្តែងរបស់តារាជើងចាស់នេះ។

គួរបញ្ជាក់ថា តាមគម្រោងព្រាប សុវត្ថិ ត្រូវច្រៀងរាំរយៈពេល១ខែកន្លះ នៅអាមេរិក ដែលនឹងវិលវិញនៅចុងខែឧសភា ហេតុនេះ ហើយសម្រាប់បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ លោកមិនមានមុខតាមឆាកនៅក្នុងស្រុកឡើយ។

ប្រភពបានឱ្យដឹងថា រយៈពេល១ខែកន្លះ ព្រាប សុវត្ថិ និងកូនប្រុស ស៊ីថ្លៃក្បែរ២០ម៉ឺនដុល្លារ ព្រោះគ្រាន់តែការច្រៀងសម្តែងនៅក្នុងស្រុកនៅរដូវក្តៅនេះ ១ខែ ព្រាប សុវត្ថិ អាចរកចំណូលបានមិនក្រោម៦ម៉ឺនដុល្លារឡើយ៕

RELATED ARTICLES