ភ្នំពេញ ៖ និស្សិតសកលវិទ្យាល័យផារ៉ាហ្គនម្នាក់ ខ្វះតែ៤ខែទៀត នឹងត្រូវបញ្ចប់បរិញ្ញាបត្រ ត្រូវបានរថយន្តទំនើបបើកបុកផ្តាច់ឆក់យកជិវិតទាំងវ័យក្មេង។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏គួរឱ្យរន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា យុវតីរងគ្រោះខាងលើ មានឈ្មោះ ឌុម រីដា អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវតីរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខកណ្តាល 1J-5254 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះពេលមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏មានរថយន្តម៉ាករ៉ែងរ៉ូវ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2-AF-7777 បើកបរពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនដូចហោះ បោះពួយបុកចំម៉ូតូយុវតីខាងលើ យ៉ាងពេញទំហឹង ខ្ទាតបោកទៅនឹងរបងថ្ម បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយរថយន្តបានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌទួលគោក សហការជាមួយចរាចរណ៍ក្រុង បានចុះមកដល់កន្លែងវាស់វែង រួចសមត្ថកិច្ចបានប្រគល់សពយុវតីខាងលើ ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ ចំណែករថយន្តបង្ក សមត្ថកិច្ចនឹងឃាត់ទុកឱ្យអ្នកបើកបរបង្កចូលខ្លួនមកដោះស្រាយតាមច្បាប់៕



