នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត ដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ ចំនួន១៩១៨នាក់ នៅវិទ្យស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក៏មានប្រសាសន៍ពាក់ព័ន្ធនឹងកាស្លាប់និស្សិតស្រីឆ្នាំទី៤ម្នាក់ ដែលត្រូវរថយន្តទំនើបបើកបុក ហើយរត់គេចខ្លួន។

សម្តេចបានមានប្រសាសន៍ថា “សម្តេចក៏បានមើលឃើញព័ត៌មានគ្រោះថ្នាក់ដែលរថយន្តបុកនិស្សិតស្រីម្នាក់ស្លាប់ ហើយសម្តេចបានឲ្យសមត្ត្ថកិច្ចស្រាជ្រាវរកអ្នកបើកបរដែលគ្មានគុណធម៌រូបនោះ មកចាត់ការតាមច្បាប់ផងដែរ”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ និស្សិតសកលវិទ្យាល័យផារ៉ាហ្គនម្នាក់ ខ្វះតែ៤ខែទៀត នឹងត្រូវបញ្ចប់បរិញ្ញាបត្រ ត្រូវបានរថយន្តទំនើបបើកបុកផ្តាច់ឆក់យកជិវិតទាំងវ័យក្មេង។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ បានកើតឡើងនៅតាមបណ្តោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពពីមន្ត្រីនគរបាលមូលដ្ឋាន បានឱ្យដឹងថា យុវតីរងគ្រោះខាងលើ មានឈ្មោះ ឌុម រីដា អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ យុវតីរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ពណ៌ទឹកប៊ិក ពាក់ស្លាកលេខកណ្តាល 1J-5254 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ លុះពេលមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួន ក៏មានរថយន្តម៉ាករ៉ែងរ៉ូវ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2-AF-7777 បើកបរពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនដូចហោះ បោះពួយបុកចំម៉ូតូយុវតីខាងលើ យ៉ាងពេញទំហឹង ខ្ទាតបោកទៅនឹងរបងថ្ម បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយរថយន្តបានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌទួលគោក សហការជាមួយចរាចរណ៍ក្រុង បានចុះមកដល់កន្លែងវាស់វែង រួចសមត្ថកិច្ចបានប្រគល់សពយុវតីខាងលើ ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ ចំណែករថយន្តបង្ក សមត្ថកិច្ចនឹងឃាត់ទុកឱ្យអ្នកបើកបរបង្កចូលខ្លួនមកដោះស្រាយតាមច្បាប់៕
