ខេត្តកំពង់ចាម ៖ ជនដៃដល់បង្កហិង្សាម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជននេះបង្កជម្លោះវាយប្រពន្ធ និងក្រុមគ្រួសារឱ្យរងរបួស ហើយត្រូវក្រុមគ្រួសារដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។ ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើង កាលពីរសៀលវេលាម៉ោង២និង១០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះ០២នាក់ រួមមានទី១-ឈ្មោះញ៉េ ប៊ុនថន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម រងរបួសបែកចំកន្ទុយភ្នែកផ្នែកខាងឆ្វេង ទំហំ១សង់ទីម៉ែត្រ ជម្រៅ០.១សង់ទីម៉ែត្រ ទី២-ឈ្មោះ សាវ មួយកេង ត្រូវជាប្រពន្ធជនដៃដល់ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម រងរបួសបែកបបូរមាត់ខាងឆ្វេងផ្នែកខាងក្រោម ទំហំ០.៨សង់ទីម៉ែត្រ គុណនឹង០.២សង់ទីម៉ែត្រ ស្នាមជាំខៀវនៅស្មងជើងខាងស្តាំ ស្នាមជាំខៀវ នៅស្មងជើងខាងឆ្វេង។ ចំណែកជនសង្ស័យឈ្មោះដេន កុសលវិរៈ ភេទប្រុស អាយុ២០ឆ្នាំ មុខសញ្ញាមានក្នុងសំណុំរឿងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រស់នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ប្រភពសមត្ថកិច្ចដដែលបន្តថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល២០និង១៥នាទី នៅចំណុចលើផ្ទះឈ្មោះនី សុខឃីម ភេទស្រី អាយុ៦៧ឆ្នាំ មានករណីហិង្សាដោយចេតនាបង្កឡើងដោយឈ្មោះដេន កុសលវិរៈ ភេទប្រុស អាយុ២០ឆ្នាំ ទើបត្រឡប់មកពីរាជធានីភ្នំពេញ មកដល់ផ្ទះ បានរករឿង និងប្រើហិង្សាលើប្រពន្ធ ដោយសង្ស័យថា មានអការបែកថ្នាំ (មុខសញ្ញាញៀនថ្នាំ) ពេលឃើញប្រើហិង្សាលើប្រពន្ធ ឈ្មោះញ៉េ ប៊ុនថន បានឡើងទៅជួយឃាត់ ត្រូវឈ្មោះដេន កុសលវិរៈ វាយចំកន្ទុយភ្នែកផ្នែកខាងឆ្វេងបែក។ ក្រោយពីប្រើហិង្សា ឈ្មោះដេន កុសលវិរៈ បានរត់គេចខ្លួនបាត់។
ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលពាមប្រធ្នោះ នាំខ្លួនជនសង្ស័យឈ្មោះ ដេន កុសលវិរៈ មកអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ ទោះយ៉ាងណា ជនសង្ស័យឈ្មោះដេន កុសលវិរៈ មិនព្រមសហការជាមួយសមត្ថកិច្ច ដើម្បីធ្វើតេស្តស្វែងរកសារធាតុញៀនឡើយ”