Wednesday, September 24, 2025
Homeព័ត៌មានជាតិកុំចេះតែហ៊ាន!!! នាំមកដោះស្បង់ចេញ ភ្ញាក់ខ្លួនព្រើត

កុំចេះតែហ៊ាន!!! នាំមកដោះស្បង់ចេញ ភ្ញាក់ខ្លួនព្រើត

ភ្នំពេញ ៖ ជនកំហូចចំនួន៣នាក់ មានកាយសម្បទាល្អគ្រប់គ្រាន់ មិនព្រមដើររកការងារយកលុយចិញ្ចឹមជីវិត បែរជាបែកគំនិតបបួលគ្នាទៅទិញស្បង់ចីវរមកស្លៀក រួចកោរសក់​ បន្លំខ្លួនជាព្រះសង្ឃ ដើរបិណ្ឌបាតយកប្រាក់មកចាយវាយ លុះខណៈដែលកំពុងនាំគ្នាស្រាតខោ រៀបចំស្លៀកស្បង់ ក៏ត្រូវសមត្ថិច្ចប្រទះឃើញ ក៏ចាប់ឃាត់ខ្លួនជនកំហូចទាំង៣នាក់ រួមនឹងបុរសជាអ្នកបើកម៉ូតូកង់បីម្នាក់ទៀត នាំយកមកសាកសួរ។

ករណីស្លៀកស្បង់បន្លំខ្លួនជាព្រះសង្ឃ ដោយមិនខ្លាចបុណ្យបាប រហូតដល់បាបកម្ម តាមទាន់ ត្រូវប៉ូលិសចាប់វាយខ្នោះដល់ទៅ៤នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវ១៩៧៤ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនក្លែងបន្លំ និងផ្សំគំនិតទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះគង់ ឆែត អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ទី២-ឈ្មោះភិន ភារម្យ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី៣- ឈ្មោះប៉រ ញៀត អាយុ៤៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (ទាំង៣នាក់ ជាអ្នកបន្លំខ្លួនជាសង្ឃ) និងទី៤-ឈ្មោះរុន ភារម្យ អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅភូមិទំនប់ សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ។ ជនសង្ស័យទាំង៤នាក់ មានស្រុកកំណើតភូមិស្រម៉រ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ អំទ្បុងពេលកម្លាំងសណ្តាប់ធ្នាប់សង្កាត់ ជិះម៉ូតូល្បាតមើលក្នុងមូលដ្ឋាន ដល់គោលដៅខាងលើ ស្រាប់តែឃើញរ៉ឺម៉កកង់បីខាងលើ ទម្លាក់វាំងននជិត ទើបសង្ស័យក៏ចូលទៅមើល ស្រាប់តែប្រទះឃើញជនទាំង៣នាក់ កំពុងប្តូរសម្លៀកបំពាក់ធ្វើជាសង្ឃក្លែងក្លាយ ទើបឃាត់ខ្លួនជាក់ស្តែង នាំយកទៅប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ច សង្ឃក្លែងក្លាយខាងលើ បានប្រាប់ថា ពួកគេមិនមែនជាសង្ឃទេ ជាប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះ តែដោយសារធ្វើការសំណង់ រកលុយមិនសូវបាន ក៏មានគំនិតក្លែងជាសង្ឃ ហើយដើរបិណ្ឌបាតតាមផ្សារទីសាធារណៈ ដោយមានរ៉ឺម៉កចាំដឹក ព្រឹកឡើងមកដឹកចេញពីបន្ទប់ជួល ហើយប្តូរសម្លៀកបំពាក់ ទៅគ្រងជាស្បង់ចីវរតាមដងផ្លូវ រួចចុះដើរបិណ្ឌបាត ព្រោះធ្វើបែបនេះរកលុយបានស្រួលណាស់។

ក្រោយពីទទួលបានចម្លើយសារភាព សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ៣នាក់ក្លែងបន្លំជាសង្ឃ និងម្នាក់ទៀតជាអ្នកសមគំនិត យកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES