Thursday, November 13, 2025
Homeព័ត៌មានជាតិចោរប្រុសស្រី៤នាក់ រត់ទាំងព្រលឹងចុងសក់ ប៉ះជាមួយបរទេសចេះក្បាច់គុន

ចោរប្រុសស្រី៤នាក់ រត់ទាំងព្រលឹងចុងសក់ ប៉ះជាមួយបរទេសចេះក្បាច់គុន

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី១ក្រុម មានគ្នា៤នាក់ ឃើញជនបរទេសម្នាក់ជិះកង់តែម្នាក់ឯងទាំងកណ្តាលអធ្រាត្រ ក៏ព្រួតគ្នាវ៉ៃប្លន់យកទូរស័ព្ទ តែប៉ះចំជនបរទេសចេះក្បាច់គុន ដកច្រវាក់កង់ មកវាយតដៃ និងដណ្តើមយកទូរស័ព្ទបានវិញ ទើបភ័យខ្លួន នាំគ្នារត់គេចទាំងព្រលឹងចុងសក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសុធារស ចំណុចមុខវត្តឧណ្ណាលោម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជាជនជាតិបរទេសម្នាក់ កំពុងជិះកង់សុខៗ ស្រាប់តែលេចមុខជនសង្ស័យប្រុសស្រី៤នាក់ ក្នុងនោះ ២នាក់ជិះម៉ូតូ១គ្រឿង មិនចាំម៉ាកនិងស្លាកលេខ  ចំណែក២នាក់ទៀត ដើរថ្មើរជើង បានចូលទៅស្ទាក់ពីមុខជនបរទេសរូបនោះ រួចធ្វើសកម្មភាពយកដំបងវាយប្លន់យកទូរស័ព្ឌដៃពីជនរងគ្រោះបានសម្រេច តែដឹងអី! ប៉ះចំជនបរទេសចេះក្បាច់គុន ក៏បានដកច្រវាក់ដែលចាក់ជាប់នឹងកង់ មកវាយតដៃរហូតដណ្តើមយកទូរស័ព្ទបានមកវិញ ធ្វើឱ្យក្រុមជនសង្ស័យទាំង៤នាក់ឃើញ សភាពការណ៍មិនស្រួល ក៏នាំគ្នារត់គេចបាតជើងសព្រាត។

ក្រោយកើតហេតុ ជនរងគ្រោះជាជនបរទេសរូបនោះ រង់ចាំសមត្ថកិច្ចមកទទួលគាត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ជ័យជំនះ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញាចាប់ជនសង្ស័យទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES