Thursday, November 13, 2025
Homeព័ត៌មានជាតិរាវរកយ៉ាងណាក៏មិនឃើញ ៣ថ្ងៃទើបអណ្តែតឡើង មើលលែងស្គាល់ទៅហើយ

រាវរកយ៉ាងណាក៏មិនឃើញ ៣ថ្ងៃទើបអណ្តែតឡើង មើលលែងស្គាល់ទៅហើយ

ខេត្តកោះកុង ៖ បុរសជាកម្មករទូកនេសាទតាមសមុទ្រម្នាក់ កំពុងចេញនេសាទពាក់កណ្តាលយប់ ក៏ស្រាប់តែធ្លាក់ពីលើទូកចូលទៅក្នុង ទឹកបាត់ខ្លួនក្នុងសមុទ្រអស់រយៈពេល៣យប់ ទើបត្រូវបានគេប្រទះឃើញសាកសពអណ្តែតក្នុងទឹកសមុទ្រ ស្ថិតក្នុងសភាពហើមស្អុយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចជិតកោះស្លាម (សមុទ្រក្រៅ) ស្ថិតក្នុងស្រុកកោះកុង។

សាកសពបុរសរងគ្រោះខាងលើ មានឈ្មោះតាំង គិតឆេង អាយុ៣៧ឆ្នាំ មុខរបរកម្មករទូកនេសាទសមុទ្រ មានប្រពន្ធឈ្មោះកែន សុលី អាយុ២៥ឆ្នាំ និងមានស្រុកកំណើតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាងកន្លងមកធ្លាប់មានជំងឺវិលមុខប្រចាំកាយ លុះនៅវេលាម៉ោងប្រមាណ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ប្តីរបស់នាងបានចេញទៅនេសាទជាមួយអ្នករួមការងារ នៅចំណុចជិតកោះស្លាម ពេលនោះទំនងជាជំងឺរើឡើង ទើបប្តីរបស់នាង បានធ្លាក់ចូលទៅក្នុងទឹកសមុទ្របាត់ខ្លួនភ្លាមៗ ទោះជាអ្នករួមការងារចុះរាវរកយ៉ាងណាក៏មិនឃើញ។ រហូតមកដល់វេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ សាកសពប្តីរបស់នាងក៏អណ្តែតឡើង និងត្រូវបានគេប្រទះឃើញស្រង់មកតម្កល់ទុកនៅវត្តថ្មី ដើម្បីឱ្យសមត្ថកិច្ចកោសល្យវិច័យ។

លុះនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចក៏បានចុះពិនិត្យ រួចបញ្ជាក់ថា  សពមានសភាពហើមស្អុយរលួយ។ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

ក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅឱ្យស្ត្រីជាប្រពន្ធ ដឹកទៅកាន់ស្រុកកំណើតឯខេត្តកំពត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES