ខេត្តកណ្តាល ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ ដោយស្ត្រីម្នាក់ធ្លាប់លេបថ្នាំសម្លាប់ខ្លួនម្តងរួចមកហើយ តែត្រូវប្តីជួយសង្គ្រោះទាន់ លុះចុងក្រោយ ឆ្លៀតពេលដែលប្តីមិនទាន់ក្រោកពីដំណេក នៅវេលាទៀបភ្លឺ ក៏លបចងកសម្លាប់ខ្លួនរហូតដល់សម្រេចបំណង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង។

ស្ត្រីគិតខ្លីដែលចងកសម្លាប់ខ្លួនចោលប្តី មានឈ្មោះឡេង សេងលី អាយុ៤៧ឆ្នាំ មុខរបរលក់ដូរ មានប្តីឈ្មោះច្រាយ តិច និងមានលំនៅក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមក ស្ត្រីរងគ្រាះធ្លាប់បានប៉ុនប៉ងសម្លាប់ខ្លួនម្តងរួចមកហើយ ដោយយកថ្នាំមកលេបសម្លាប់ខ្លួន តែមិនស្លាប់ ដោយបុរសជាប្តីប្រទះឃើញទាន់ ក៏ដឹកបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះជីវិតទាន់ពេល។ លុះនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ឆ្លៀតពេលដែលបុរសជាប្តី មិនទាន់ភ្ញាក់ពីដំណេក ស្ត្រីរងគ្រោះក៏ក្រោកពីដំណេក ទៅចងកសម្លាប់ខ្លួនតែម្តង។ លុះបុរសជាប្តី និងក្រុមគ្រួសារភ្ញាក់ឡើង ក៏ប្រទះឃើញស្ត្រីរងគ្រោះចងកស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

សមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកគយ និងកម្លាំងពិនិត្យហេតុស្រុក ក្រុមប្រឹក្សាឃុំលោកមេភូមិ បានចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើក្រមាចងកជាប់នឹងចំរឹងបង្អួចក្នុងបន្ទប់ដេក ដែលមានកំពស់១,៨០ម៉ែត្រ បណ្តាលឱ្យស្លាប់។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕