រតនគិរី ៖ ករណីឃាតកម្មព្រៃផ្សៃវ៉ៃសម្លាប់ស្ត្រីម្នាក់ទម្លាក់ទឹកអូរ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមាត់អូរក្នុងចម្ការ ស្ថិតក្នុងភូមិអុល “ធំ” ឃុំបាតាង ស្រុកលំផាត់ ត្រូវបានសមត្ថកិច្ចបំបែកសំណុំរឿង និងឈានដល់ការចាប់ខ្លួនជនដៃដល់ជាឃាតករបានហើយ កាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។ តាមពិតឃាតករដៃឆៅ គឺជាប្តីរបស់ស្ត្រីរងគ្រោះផ្ទាល់តែម្តង រីឯដើមចមដែលនាំឱ្យកើតមានអំពើឃាតកម្មសម្លាប់ប្រពន្ធខ្លួនឯងនេះ គឺដោយសារតែបុរសជាប្តី ខឹងនឹងប្រពន្ធដែលនិយាយមិនចេះស្តាប់ ទើបមួលកសម្លាប់ចោល។

ជនដៃដល់ជាឃាតករដែលមួលកសម្លាប់ប្រពន្ធខ្លួនឯងទម្លាក់ទឹកអូរ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកិ ដិៈ អាយុ៣៦ឆ្នាំ ជាជនជាតិទំពួន មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះកែ ញ៉ូន អាយុ៣៤ឆ្នាំ ជាជនជាតិទំពួន មុខរបរកសិករ។ ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
លោកហេង ណារ៉ាក់ អធិការនគរបាលស្រុកលំផាត់ បានបញ្ជាក់ប្រាប់ថា ក្រោយពីសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពទៅឱ្យសាច់ញាតិជនរងគ្រោះ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រួចមក កម្លាំងនគរបាលប៉ុស្តិ៍បានហៅប្តីរបស់ស្ត្រីរងគ្រោះទៅសាកសួរបំភ្លឺ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីស្លាប់ប្រពន្ធរបស់ខ្លួន។

លោកអធិការ បន្តថា ក្រោយពីសាកសួររួចមក សមត្ថកិច្ចបានសង្ស័យជាច្រើនទៅលើបុរសជាប្តីរូបនេះ បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ បានបញ្ជូនខ្លួនបុរសជាប្តីរូបនេះ ទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្ត នៅថ្ងៃទី២៦ ខែមីនា ដើម្បីសាកសួរបន្តតាមនីតិវិធី។
រហូតមកដល់យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៩ ទើបជនសង្ស័យដែលជាប្តីរបស់ស្ត្រីរងគ្រោះ បានសារភាពថា ខ្លួនពិតជាបានសម្លាប់ប្រពន្ធខ្លួនឯងប្រាកដមែន ដោយប្រើដៃវាយចំក្បាលជាច្រើន រួចហើយកាច់បំបាក់កតែម្តង។ ដោយប្តីបានខឹងទៅលើប្រពន្ធនិយាយមិនស្តាប់ មិនធ្វើតាម ឱ្យលក់គ្រាប់ចន្ទីមិនលក់ និយាយអ្វីក៏មិនស្តាប់ដែរ មានតែសម្លាប់ចោលទៅ។

បច្ចុប្បន្នជនសង្ស័យជាឃាតករសម្លាប់ប្រពន្ធខ្លួនឯង ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
គួររំលឹកថា កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ មានករណីឃាតកម្មដ៏ឃោរឃៅមួយ បានកើតឡើងនៅចំណុចមាត់អូរ ក្នុងចម្ការរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអុល “ធំ” ឃុំបាតាង ស្រុកលំផាត់ ដោយស្ត្រីម្នាក់បានជិះម៉ូតូចេញពីផ្ទះ ទៅងូតទឹកអូរនៅក្នុងចម្ការរបស់ខ្លួនតែម្នាក់ឯង ដោយមិនឱ្យបុរសជាប្តីជូនទៅនោះទេ លុះបាត់ប្រពន្ធយូរពេក បុរសជាប្តីក៏ហៅអ្នកភូមិឱ្យជួយដើររក ស្រាប់តែប្រទះឃើញសាកសពប្រពន្ធត្រូវគេវាយសម្លាប់ ទម្លាក់ក្នុងអូរបាត់ទៅហើយ។

តាមសម្តីបុរសជាប្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល៥ល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ប្រពន្ធរបស់គាត់បានជិះម៉ូតូទៅងូតទឹកនៅអូរក្នុងចម្ការ ដែលមានចម្ងាយពីភូមិប្រហែល១គីឡូម៉ែត្រ ដោយមិនឱ្យគាត់ជាប្តីជូនទៅនោះទេ ដោយនាងប្រាប់ថា នាងមិនខ្លាចទេ។

បុរសជាប្តី បន្តថា លុះដល់ម៉ោងប្រហែល៦ព្រលប់ថ្ងៃដដែល ដោយបាត់ប្រពន្ធយូរពេក ទើបគាត់ជាប្តីបានទៅតាម ប៉ុន្តែមិនឃើញប្រពន្ធទេ ឃើញតែស្បែកជើង និងកន្ត្រកដាក់ខោអាវ ចំណែកប្រពន្ធមិនដឹងបាត់ទៅណា។ លុះដើររកអស់ចិត្ត នៅតែមិនឃើញ ទើបបុរសជាប្តីបានត្រឡប់ចូលភូមិវិញ រួចក៏ហៅអ្នកភូមិឱ្យទៅជួយរក រហូតដល់ម៉ោងប្រហែល១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ស្រាប់តែប្រទះឃើញសាកសពប្រពន្ធរបស់គាត់ នៅក្នុងអូរចម្ងាយប្រហែល៣០ម៉ែត្រ ពីកន្លែងដែលនាងងូតទឹក ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ។

បន្ទាប់ពីចុះពិនិត្យ និងធ្វើកោសល្យវិច័យសព និងធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់រួចមក ទីបំផុត សមត្ថកិច្ចជំនាញក៏ឈានដល់ការបំបែកសំណុំរឿងក្តីឃាតកម្មដ៏ឃោរឃៅមួយនេះ និងចាប់ខ្លួនជនដៃដល់ជាឃាតករ ដែលតាមពិត គឺជាប្តីរបស់ស្ត្រីរងគ្រោះសោះ៕