Thursday, November 13, 2025
Homeព័ត៌មានជាតិភ្ញៀវចេញពីហូបការ ពុលក្អួតចូលពេទ្យ​ ជិត១០០នាក់

ភ្ញៀវចេញពីហូបការ ពុលក្អួតចូលពេទ្យ​ ជិត១០០នាក់

ខេត្តព្រៃវែង ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែលប្រជាពលរដ្ឋជិត១០០នាក់ មកពីភូមិចំនួន២ ទើបនឹងត្រឡប់មកពីហូបការគេវិញ បែរជាកើតមានអាការក្អួតចង្អោរ ឈឺក្បាល វិលមុខ ចុកពោះ រហូតដល់សន្លប់ សង្ស័យថា មូលហេតុផ្តើមចេញពីការពុលម្ហូបចំណីក្នុងពិធីមង្គលការ។

ករណីភ្ញៀវចេញពីហូបការ ពុលក្អួតជិត១០០នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិពពេល និងភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ហើយរហូតមកដល់ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ចំនួនអ្នកពុលមានរហូតដល់ទៅ៧៦នាក់ឯណោះ។

តាមប្រភពពីអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋរស់នៅភូមិពពេល មានអ្នករងគ្រោះចំនួន៧១នាក់ (ស្រីចំនួន៤១នាក់)។ ចំណែកប្រជាពលរដ្ឋរស់នៅភូមិអញ្ចាញ មានអ្នករងគ្រោះចំនួន៥នាក់ (ស្រីចំនួន៤នាក់)។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅក្នុងភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ មានការរៀបចំកម្មវិធីមង្គលការមួយ ដែលមានម្ចាស់ដើមការឈ្មោះសឿន កឿន ភេទប្រុស និងបានអញ្ជើញប្រជាពលរដ្ឋជាច្រើននាក់ ទៅចូលរួមហូបការ។

ប្រភពខាងលើ បានឱ្យដឹងទៀតថា លុះមកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្រាប់តែមានប្រជាពលរដ្ឋដែលបានទៅចូលរួមហូបចុក ក្នុងកម្មវិធីមង្គលការនោះ បានកើតមានអាការឈឺពោះ ឈឺក្បាល វិលមុខ រាគនិងក្អួត និងខ្លះទៀតបានដួលសន្លប់ និងត្រូវបានសាច់ញាតិប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

រហូតមកដល់វេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋនៅតែបន្តមានអាការរាកក្អួត និងត្រូវបានបញ្ជូនមកមន្ទីរពេទ្យជាបន្តបន្ទាប់។ សរុបអ្នកកើតមានអាការពុល មានចំនួន៧៦នាក់ ស្រីចំនួន៤៥នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ ចំនួន៨នាក់ (ស្រី៥នាក់)។

ជុំវិញករណីខាងលើ មន្ត្រីជំនាញនៅមិនទាន់អាចបញ្ជាក់ឱ្យដឹងនៅឡើយថា ប្រជាពលរដ្ឋទាំងនេះ ពុលអ្វីឱ្យពិតប្រាកដនោះទេ ព្រោះពេលនេះ មន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវនៅឡើយ៕

RELATED ARTICLES