នៅ សុនិតា បានភ្ជាប់ស្នេហ៍ជាមួយពោះម៉ាយ ទិត ថាវរិទ្ធ ដោយផាត់ចោលប្រុសដល់ទៅ5នាក់ ធ្វើឱ្យផ្អើលអស់ស្រទាប់មហាជន និងចង្កោមអ្នកសិល្បៈ ព្រោះថា ពេលនេះនាងមិនទាន់រៀបការផង តែពពោះកូនប្រុសជិត 5ខែទៅហើយ ដែលជាតំណក់ឈាមលោកថាវរិទ្ធ។

ថ្វីត្បិតតែសុនិតា រងការរិះគន់ពីអ្នកលេងបណ្តាញសង្គមថា នាងសាងស្នេហ៍ឥតខាន់ស្លា ដោយពេលខ្លះធ្វើឱ្យនាងមួម៉ៅ ព្រោះប្រឹងពន្យល់ប្រាប់គេថា បានរៀបចំធ្វើពិធីខ្លះៗតាមប្រពៃណីខ្មែរ តែគ្មានអ្នកជឿឡើយ ប៉ុន្តែថ្មីៗនេះ សុនិតា ត្រូវបានគូស្នេហ៍នាំចូលកម្មវិធីថ្នាក់ជាតិមួយ ហើយតារាវ័យក្មេងរូបនេះ ត្រូវបានមិត្តភក្តិ និងកូនចៅប្តីនាង លោកថាវរិទ្ធ ហៅសុនិតា ថា “ជំទាវតូចៗ” ដែលធ្វើឱ្យតារារូបនេះភ្ញាក់ផ្អើលហើយ និងរំភើបចិត្តក្រៃលែង។

ការផ្តល់ងារដល់នៅ សុនិតា ជា “ជំទាវ” នៅពេលនេះ បន្ទាប់ពីលោកទិត ថាវរិទ្ធ ត្រូវបានព្រះករុណា ព្រះបាទនរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងឯកឧត្តមទិត ថាវរិទ្ធ ជាអនុរដ្ឋលេខាធិកាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីពេលថ្មីៗនេះ ទើបធ្វើឱ្យសុនិតា រំភើបគ្មានអ្វីប្រៀបធៀបបានឡើយ។

ថ្វីត្បិតតែនៅ សុនិតា បានក្លាយទៅជាជំទាវមែន ប៉ុន្តែនៅពេលដែលមិត្តភក្តិរបស់នាងសួររឿងថា តើពេលណាទើបនាងព្រមដឹកដៃលោកទិត ថាវរិទ្ធ រៀបការនោះ? តារាដែលគ្រងតំណែងតួឯកមុនពេលពពោះ តាមរយៈរឿង “រៃមាស” របស់ទូរទស្សន៍ថោន នេះ នៅតែថា នាងបានរៀបចំកម្មវិធីខ្លះៗហើយ និងគ្មានគម្រោងរៀបការឆាប់ៗឡើយ។

ការពោលពាក្យបែបនេះរបស់សុនិតា ទំនងប្រហែលជានាងចង់សារភាពដំណឹងដែលលេចឮថា នាងបានភ្ជាប់ពាក្យជាមួយលោកទិត ថាវរិទ្ធ កាលពីថ្ងៃទី5 ខែកញ្ញា ឆ្នាំ2018 គឺជាការពិត។

ប្រភពបានឱ្យដឹងថា នៅ សុនិតា ដែលផាត់ចោលប្រុសស្នេហ៍ដល់ទៅ5នាក់ មកធ្លាក់អន្លង់ស្នេហ៍អតីតប្តីអ្នកនាងលី ម៉ារីណា និងជាសង្សារចាស់ ស៊ឹម សូលិកា គឺលោកថាវរិទ្ធ នៅពេលនេះ ដោយសុនិតា អាចក្លាយទៅជាម្ចាស់កម្មសិទ្ធិដីជាច្រើនហិកតារ ដែលមានតម្លៃរាប់លានដុល្លារ នៅតំបន់កែវផុស ខេត្តព្រះសីហនុ ទើបបានជាសុនិតា ព្រមធ្វើជំទាវ ដោយទាត់ចោលប្រុសមន្ត្រីធំៗ និងអ្នកមានទ្រព្យ៕
