អ្នកលេងហ្វេសប៊ុកមួយរូប ឈ្មោះ Long Love បានបង្ហោះសារថា ខ្លួនត្រូវតារាសម្ដែងឈ្មោះណាន វីសារ ដែលមានហ្វេសប៊ុកឈ្មោះ Mrr Visa(Visa Nan) ឆបោកប្រាក់របស់គាត់ ជាង១ម៉ឺនដុល្លារ ហើយគេចវេះមិនព្រមដោះស្រាយឡើយ។

អ្នកទម្លាយរឿងដ៏ភ្ញាក់ផ្អើលនេះ បានសរសេរបង្ហោះសារថា ”បងប្អូនមើលមុខមនុស្សបោកប្រាស់ឲ្យហើយទៅ អន់ជាងតិរិច្ឆានទៀត តែធ្វើខ្លួនថ្លៃថ្នូរ អញសូមដាក់បណ្ដាសារឲ្យហែងវិនាស ព្រាត់ប្រាស់ ក្រៅក្រហាយ រលាយដូចអំបិលត្រូវទឹក ឲ្យវាទួលរែកកម្មពៀរទាំងអស់ ដែលជាកម្លាំងញើសឈាមខ្ញុំ ហើយអញគ្មានថ្ងៃអហោសិកម្មឲ្យអាមនុស្សធុញថោកដូចហែងទេ អញនឹងនៅមើលថ្ងៃណាអំបិលរលាយ ហែងវិនាសពេលហ្នឹងដែរ ម្យ៉ាងទៀតអញមិនដែលចេះឈ្នានីសច្រណែន ធ្វើបាបអ្នកកណាទេ @Mrr Visa“។

គេនៅមិនឃើញការឆ្លើយតបពីតារាសម្ដែងលោកណាន វីសារ ហៅ Mrr Visa ដើម្បីតទល់ជាមួយការបង្ហោះររបស់ Long Love ទេ រហូតមកដល់ពេលនេះ។

ទោះយ៉ាងណា ផ្អែកតាមឯកសារតារាសម្ដែងរូបនេះ ពិតជាធ្លាប់ទទួលបានថវិកាដែលបុរសនៅអាមេរិក វេរលុយឲ្យមែន។

បុរសនៅអាមេរិក លោក Long Love បញ្ជាក់ថា លោកមិនខ្លាចបណ្ដឹងបរិហាកេរ្តិ៍ពីក្រុមគ្រួសារតារាសម្ដែង លោកវីសារ ទេ ផ្ទុយទៅវិញ លោកត្រៀមចាត់ការប្ដឹងបកពីបទរំលោភសេចក្ដីទុកចិត្ត និងឆបោកទៅតារារូបនេះទៀតផង បន្ទាប់ពីតារារូបនេះគេចវេះមិនព្រមដោះស្រាយ។

អាណិកជនខ្មែរ នៅអាមេរិក រូបនោះ អះអាងថា លោកណាន វីសារ បានខ្ចីលុយពីលោកជាង១ម៉ឺនដុល្លារ តែលោកមានឯកសារវេរតែជាង៦ពាន់ដុល្លារទេ ព្រោះឆាតខ្លះលោកបានលុបចោល ដោយសារតែទុកចិត្តមនុស្សស្គាល់គ្នា ហើយវីសារ ខ្ចីលោកចុងក្រោយចំនួន២ពាន់ដុល្លារ ដើម្បីយកលុយព្យាបាលម្ដាយ។ លោកថា នៅពេលដែលកំណត់សង តារាថ្មោងថ្មីវីសារ ស្រាប់តែផ្ទុះជម្លោះជាមួយលោក ហើយថែមទាំងបានប្លុកហ្វេសប៊ុកលោកថែមទៀតផង។

អ្វីដែលកាន់តែឈឺចាប់ទៀតនោះ គឺបងស្រីតារារូបនេះបានព្រមានលោកថា ឲ្យតែហ៊ានបង្ហោះថា ប្អូនរបស់គេជំពាក់លុយ គឺគេនឹងប្ដឹងពីបទបរិហាកេរ្ដិ៍ ទើបពេលនេះ លោកសម្រចចិត្តបង្ហោះតែម្ដង ព្រោះគេនៅតែមិនព្រមដោះស្រាយរឿងនេះទេ៕


