ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ (ម្នាក់ជាកូនមេប៉ុស្តិ៍ និងម្នាក់ទៀតជាមិត្តភក្កិកូនមេប៉ុស្តិ៍) ពាក់ព័ន្ធនឹងករណីមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជៀប និងកូន រួមនឹងបក្ខពួកព្រួតវាយកាប់ និងចាក់ទៅលើបុរសម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ ចំណែកលោកមេប៉ុស្តិ៍ឃុំជៀប ក៏ត្រូវបានហៅមកធ្វើការសាកសួរផងដែរ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលបែបណានៅឡើយ។

ជនរងគ្រោះមានឈ្មោះស៊ិន វុទ្ធី អាយុ៣៣ឆ្នាំ មុខរបរជាអ្នកបើកឡាន មានប្រពន្ធឈ្មោះប៉ាត រ៉េន អាយុ២៩ឆ្នាំ និងមានកូនចំនួន៣នាក់នៅក្នុងបន្ទុក សព្វថ្ងៃរស់នៅក្នុង ភូមិទព័តាឡាត់ ឃុំជៀប ស្រុកទឹកផុស។ ចំណែកជនបង្ក មានឈ្មោះជៀម វិចិត្រ ជាមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជៀប។ ដោយឡែក ជនសង្ស័យ២នាក់ទៀត (ម្នាក់ជាកូនមេប៉ុស្តិ៍ និងម្នាក់ទៀតជាមិត្តភក្កិកូនមេប៉ុស្តិ៍) មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

លោក អៀរ ប៊ុនធឿន ស្នងការរងនគរបាលខេត្ត និងជាអ្នកនាំពាក្យរបស់ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ថា “ធម្មតាទេឋានៈដល់ទៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលរងការចោទប្រកាន់បែបនេះ គឺយើងត្រូវតែធ្វើការសាកសួរ និងស៊ើបអង្កេតឱ្យបានច្បាស់លាស់ ព្រោះមកដល់ពេលនេះ យើងមិនទាន់ដឹងថា តើពិតឬមិនពិត នៅឡើយនោះទេ។ ប៉ុន្តែយ៉ាងនេះក្តី កូនលោកមេប៉ុស្តិ៍ម្នាក់ រួមនិងមិត្តភក្តិរបស់កូនមេប៉ុស្តិ៍ម្នាក់ទៀត ត្រូវបានធ្វើការឃាត់ខ្លួនរួចហើយ នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ កំពុងតែបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរបន្ត។ ដោយឡែក មេប៉ុស្តិ៍រដ្ឋបាលឃុំជៀប លោកជៀម វិចិត្រ ក៏ត្រូវបានសមត្ថកិច្ចស្រុក ទឹកផុសហៅធ្វើការសាកសួរផងដែរ។

គួររំលឹកថា កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅក្នុងភូមិគោកពេញ ឃុំជៀប ស្រុកទឹកផុស មានពិធីបុណ្យបច្ច័យបួន ដោយមានការសម្តែងល្ខោន និងរាំវង់ធុងបាស់ផងដែរ។ នៅពេលកើតហេតុ មានក្មេង២ក្រុម បានឈ្លោះប្រកែកគ្នា ពេលនោះឈ្មោះ ស៊ិន វុទ្ធី ជាជនរងគ្រោះបានទៅសួរនាំ ក៏ស្រាប់តែត្រូវលោកជៀម វិចិត្រ ដែលជាមេប៉ុស្តិ៍រដ្ឋបាលឃុំជៀប បានយកកាំភ្លើងអាកា វាយជនរងគ្រោះ ១ស្វាយកាំភ្លើង បណ្តាលឱ្យដួលទៅដី បន្ទាប់មកកូនប្រុស និងបក្ខពួករបស់កូនលោកមេប៉ុស្តិ៍ បានព្រួតវាយមកជនរងគ្រោះ ជាមួយគ្នានោះ កូនប្រុសរបស់មេប៉ុស្តិ៍បានកាប់ក្បាល និងចាក់ត្រូវចង្កេះជនរងគ្រោះ បណ្តាលឱ្យរងរបួសជាទម្ងន់ និងត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ទាំងយប់ ។

គិតចាប់តាំងពីកើតហេតុ រហូតដល់ថ្ងៃទី២៦ និងថ្ងៃទី២៧ ខែមីនា បន្ទាប់ពីសារព័ត៌មានចុះផ្សាយ ទើបដឹងដល់ស្នងការដ្ឋាននគរបាលខេត្ត សូម្បីអ្នកសារព័ត៌មាន ក៏ទើបតែដឹង ពេលជនរងគ្រោះរកជំនួយឱ្យជួយដែរ ដែលករណីនេះសង្ស័យថា សមត្ថកិច្ចមូលដ្ឋានព្យាយាមបិទបាំងសំណុំរឿង។

ចំណែកព័ត៌មានក្រៅផ្លូវការមួយ បានបង្ហើបឱ្យដឹងថា ពេលនេះភាគីជនដៃដល់កំពុងព្យាយាមធ្វើការសម្របសម្រួលជាមួយភាគីរងគ្រោះនៅក្រៅប្រព័ន្ធតុលាការ ដោយសុំបង់សំណងចំនួន៣៥០០ដុល្លារ ដើម្បីបញ្ចប់រឿង៕