ខេត្តកំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ប៊ុត ចាន់តារា ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្ត បានដឹកនាំកម្លាំងនគរបាលជំនាញ សហការជាមួយសាខាកាំកុងត្រូល ជំនាញមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្ត ដឹកនាំសម្របសម្រួលដោយលោកខៃ សម្ជស្ស ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្ត និងមានការចូលរួមពីលោកសរ សុពុត្រា អភិបាលរងខេត្ត បានចុះត្រួតពិនិត្យ សិប្បកម្មផលិតស្ករត្នោត១កន្លែង ស្ថិតនៅជាប់ផ្លូវជាតិលេខ៤ ភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង។

ទីតាំងសិប្បកម្មផលិតស្ករត្នោត ដែលត្រូវសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យខាងលើ មានម្ចាស់ឈ្មោះ រាជ រ៉ាឌី ភេទស្រី អាយុ៥៧ឆ្នាំ។

សូមបញ្ជាក់ថា ទីតាំងខាងលើនេះ ក្រោយការស្រាវជ្រាវរបស់ជំនាញ បានដាក់ជាមុខសញ្ញាគោលដៅ ដោយសារតែមានព័ត៌មានមកថា ទីតាំងនេះផលិតស្ករខុសលក្ខណៈបច្ចេកទេស ដោយម្ចាស់ទីតាំងខាងលើបានយកស្ករស មកផលិតទៅជាស្ករត្នោត នាំចេញទៅទីផ្សារក្នុងស្រុក និងក្រៅប្រទេស បន្លំភ្នែក ដោយប្រើសារធាតុគីមីលាយបញ្ចូល ដើម្បីផលិតទៅជាស្ករត្នោត។

ទីតាំងសិប្បកម្មខាងលើ ត្រូវបានមន្ទីរជំនាញខេត្តកំពង់ស្ពឺ ធ្វើការណែនាំ និងដកហូតអាជ្ញាប័ណ្ណជាបណ្តោះអាសន្ន បើមិនកែប្រែ រូបមន្តនៃការផលិតស្ករត្នោតខុសបច្ចេកទេស និងបន្លំយថាប្រភេទ ប្រភពដើមនៃទំនិញនោះទេ បទល្មើសមានកំណត់ក្នុងច្បាប់។

នៅអំឡុងពេលចុះត្រួតពិនិត្យ សមត្ថកិច្ចជំនាញបានរកឃើញ ស្ករសរ១១០បាវ ស្មើ៥៥០០គីឡូក្រាម ស្ករសរ(ក្រហម) ៥១៣បាវ ស្មើ ២៥៦៥០គីឡូក្រាម ស្ករត្នោតសម្រេច៦៦បាវ ស្មើ៦៦០០គីឡូក្រាម ស្ករត្នោតដាក់ក្នុងធុងកាត់ចំនួន១៥៤ ធុងកាត់ ស្មើ២០០២០គីឡូក្រាម សំបកធុងកាត់ទទេចំនួន៤២៤ធុង សំបកធុងស្ពេត្រូចំនួន៣៥០ធុង និងស្ករត្នោតច្រកក្នុងធុងស្ពេត្រូចំនួន១៦ធុង ស្មើ៧៥២គីឡូក្រាម។

ជាមួយនេះ សមត្ថកិច្ចក៏បានចាប់យកសំណាកចំនួន៩គំរូ ប្រគល់ជូនជំនាញកាំកុងត្រូល ដើម្បីយកទៅធ្វើតេស្ត ជំនាញបានណែនាំដល់ម្ចាស់អាជីវកម្មឱ្យផ្អាកសកម្មភាពផលិតជាបណ្តោះអាសន្ន រង់ចាំលទ្ធផលតេស្ត និងការសម្រេចពីថ្នាក់លើ៕



