Thursday, November 13, 2025
Homeព័ត៌មានជាតិប្តីប្រពន្ធនេះស្មើដៃគ្នា ដល់ពេលរសៀល ប្តីឆោឡោផ្អើលដល់សមត្ថកិច្ច

ប្តីប្រពន្ធនេះស្មើដៃគ្នា ដល់ពេលរសៀល ប្តីឆោឡោផ្អើលដល់សមត្ថកិច្ច

ខេត្តមណ្ឌលគីរី ៖ ប្តីប្រពន្ធ២នាក់ ផឹកស្រាស្រវឹងស្មើដៃគ្នា ហើយឱ្យតែបានស្រាចូលពោះលែងនឹកនាដល់បាយទឹកហើយ រហូតដល់ផឹកស្រវឹងជោកជាំពេក ស្ត្រីជាប្រពន្ធក៏ដេកស្លាប់ចោលប្តីយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចត្រពាំងទូក ស្ថិតនៅក្នុងភូមិអូរច្រារ ឃុំស្រែព្រះ។

សាកសពស្ត្រីរងគ្រោះ មានឈ្មោះវួន ម៉ៅ អាយុ៤២ឆ្នាំ មានស្រុកកំណើតនៅភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្តីឈ្មោះ មឿន ធឿន អាយុ៤៤ឆ្នាំ មុខរបរកសិករ។ ក្រុមគ្រួសារមួយនេះ ស្នាក់នៅបណ្តោះអាសន្ននៅចំណុចកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះជាមនុស្សចូលចិត្តផឹកស្រាខ្លាំងណាស់ គឺផឹកស្មើដៃគ្នាជាមួយប្តី ដោយមួយថ្ងៃៗ គេតែងឃើញប្តីប្រពន្ធអ្នកទាំងពីរអង្គុយជល់កែវគ្នាមិនឈប់ លុះផឹកស្រវឹង មិននឹកនារឿងបាយទឹកអ្វីសោះឡើយ។ នៅមុនពេលកើតហេតុ បន្ទាប់ពីផឹកស្រាស្រវឹងធ្លាក់ភ្នែករៀងខ្លួន ប្តីប្រពន្ធអ្នកទាំងពីរ ក៏បានប្រះខ្លួនដេកផ្ទាល់ដីទន្ទឹមគ្នា រួចក៏ដេកលង់លក់រៀងខ្លួនទៅ។ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ បុរសជាប្តីភ្ញាក់ដឹងខ្លួន មិនឃើញប្រពន្ធក្រោក ក៏អង្រួនដាស់ ទើបដឹងថា ប្រពន្ធរបស់ខ្លួនបានស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលព័ត៌មានខាងលើ កម្លាំងជំនាញពិនិត្យហេតុស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំ បានចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យកោសល្យលើសព រួចបញ្ជាក់ថា ការស្លាប់របស់ស្ត្រីរងគ្រោះ គឺបណ្តាលមកពីផឹកស្រាច្រើន អត់ហូបបាយកើតរោគខ្យល់គ និងគាំងបេះដូង ទើបបណ្តាលឱ្យស្លាប់បែបនេះ។

ក្រោយពិនិត្យសាកសពរួចរាល់ សមត្ថកិច្ចបានប្រគល់សពទៅក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES