ខេ់ត្តកំពង់ស្ពឺ ៖ បុរសជាកម្មកររោងចិញ្ចឹមម្នាក់ នៅសុខៗក៏ប្រាប់អ្នករួមការងាររបស់ខ្លួនថា ដូចជាហត់នឿយ ល្វើយក្នុងខ្លួនណាស់ រកកន្លែងសម្រាកបន្តិចសិន រួចក៏ចូលទៅប្រះខ្លួនដេក នៅក្នុងរោងចិញ្ចឹមមាន់ទៅ ស្រាប់តែក្រោយមក មានអ្នកចូលទៅដាស់ ទើបដឹងថា បុរសរូបនោះបានស្លាប់រឹងស្តូកបាត់ទៅហើយ។

ករណីខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចរោងចិញ្ចឹមមាន់របស់ឈ្មោះញ៉ែម សុខម៉េង ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិតាឡាត់ថ្មី ឃុំអូរ ស្រុកភ្នំស្រួច។
បុរសរងគ្រោះដែលដេកស្លាប់ក្នុងរោងចិញ្ចឹមមាន់ មានឈ្មោះផាត សុភ័ណ្ណ អាយុ៣៩ឆ្នាំ មានស្រុកុកំណើតនៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅធ្វើការក្នុងរោងចិញ្ចឹមមាន់ខាងលើ។

តាមប្រភពពីអ្នករួមការងារជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានត្អូញប្រាប់គេឯងថា គាត់ដូចជាមិនសូវស្រួលខ្លួនសោះ ចេះតែល្វើយ ហត់នឿយខ្លាំងណាស់ បន្ទាប់មកក៏ដើរចូលទៅប្រះខ្លួនដេកនៅក្នុងរោងចិញ្ចឹមមាន់បាត់ទៅ ចំណែកអ្នករួមការងារ ក៏មិនបានចាប់អារម្មណ៍អ្វីដែរ នឹកស្មានថា ជនរងគ្រោះគ្រាន់តែហត់នឿយធម្មតា។

ប្រភពដដែលបន្តថា ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ដោយមិនឃើញជនរងគ្រោះភ្ញាក់ទៀត ទើបមានអ្នកចូលទៅដាស់ ស្រាប់តែពេលយកដៃទៅអង្រួន ទើបដឹងថា ជនរងគ្រោះបានស្លាប់រឹងស្តូកទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង។

ករណីខាងលើនេះ ខាងសាច់ញាតិបងប្អូនសព បានទទួលស្គាល់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺគាំងបេះដូងប្រាកមែន រួចក៏ទទួលយកសាកសពដឹកទៅកាន់ស្រុកកំណើត ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕