ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវប្រពន្ធអះអាងថា ជាមនុស្សដែលប្រើប្រាស់ថ្នាំញៀន និងមានចិត្តប្រចែប្រចណ្ឌប្រពន្ធខ្លាំងណាស់ គ្រាន់តែប្រពន្ធទៅធ្វើការ ត្រឡប់មកផ្ទះយឺតម៉ោង ក៏ផ្ទុះភ្លើងប្រចណ្ឌ ទាញដាវសាំម៉ូរ៉ៃគំរាមសម្លាប់ រហូតដល់ប្រពន្ធភ័យពេក ខ្លាចប្តីសម្លាប់ចោល ក៏ប្តឹងកម្លាំងអាវុធហត្ថចាប់ខ្លួនប្តីកំណាច កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ជនសង្ស័យជាប្តីកំណាចដែលគំរាមសម្លាប់ប្រពន្ធ រហូតត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួន មានឈ្មោះឃួន ហាន អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះអឿន ណាក់ អាយុ៣៧ឆ្នាំ មុខរបរកម្មករ។ ប្តីប្រពន្ធអ្នកទាំងពីរ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឱ្យដឹងថា យោងតាមបណ្តឹងរបស់ស្ត្រីរងគ្រោះជាប្រពន្ធ បានឱ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះឃួន ហាន ជាមនុស្សញៀនគ្រឿងញៀន ពេលដែលខ្លួនជាប្រពន្ធ ត្រឡប់មកពីធ្វើការម្តងៗ ជនសង្ស័យតែងតែរករឿងឈ្លោះទាស់ទែងរាល់ថ្ងៃ ថែមទាំងប្រើហិង្សាមកលើខ្លួន និងបានយកដាវសាំម៉ូរ៉ៃមកគំរាមសម្លាប់មកលើខ្លួនជារៀងរាល់ថ្ងៃ រហូតដល់ខ្លួនមិនហ៊ាននៅផ្ទះ ព្រោះខ្លាចប្តីសម្លាប់តាមការគំរាម។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ របស់ជនរងគ្រោះពិតប្រាកដមែន ដោយសារតែខ្លួនខឹងប្រពន្ធទៅធ្វើការយូរពេក ត្រឡប់មកផ្ទះយឺតពេល។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថា មានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទហិង្សាប្រព្រឹត្តដោយសហព័ទ្ធ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យ រួមជាមួយវត្ថុតាងទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕