ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងប្រុសស្នេហ៍របស់ខ្លួន ដោយចោទប្រកាន់ថា កំពុងលួចលាក់ក្បត់ចិត្តនាងទៅមានស្រីថ្មី ហើយទោះជាខាងប្រុសព្យាយាមពន្យល់ប្រាប់ហេតុផលយ៉ាងណា ក៏មិនព្រមជឿ ទីបំផុត ខាងស្រីបែរជាមានគំនិតខ្លី ផឹកថ្នាំផង អារកដៃផង និងថែមទាំងចងកសម្លាប់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ទោះជាប្រុសស្នេហ៍ប្រឹងបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត ក៏មិនទាន់ផង។

ហេតុការណ៍ស្រីក្មេងប្រចណ្ឌប្រុសស្នេហ៍ បែរជាគិតខ្លីចងកធ្វើអត្តឃាតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

នារីគិតខ្លីដែលលេបថ្នាំ អារដៃ ព្រមទាំងចងកសម្លាប់ខ្លួន ព្រោះតែភ្លើងប្រចណ្ឌនេះ មានឈ្មោះចាន់ រស្មី អាយុ២៣ឆ្នាំ មុខរបរបម្រើការនៅហាងខារ៉ាអូខេ។ ចំណែកបុរសជាសង្សារ មានឈ្មោះលី សុភ័ក្ររិទ្ធ អាយុ២៩ឆ្នាំ មុខរបរផ្នែករត់តុ នៅហាងខារ៉ាអូខេជាមួយគ្នា មានលំនៅផ្ទះលេខ០៥០ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។ គូស្នេហ៍ទាំងពីរ សព្វថ្ងៃស្នាក់នៅជាមួយគ្នាក្នុងបន្ទប់ជួល សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

លោកផន អូន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក ខណ្ឌចំការមន បានបញ្ជាក់ប្រាប់ថា នៅមុនកើតហេតុ មានគ្រូពេទ្យប្រចាំមន្ទីរពេទ្យរុស្ស៊ី បានទូរស័ព្ទមកប្តឹងថា មានស្ត្រីម្នាក់ស្លាប់ពេលដឹកមកដល់ពេទ្យ ដោយមានបុរសម្នាក់ដែលអះអាងថាជាមិត្តប្រុស បានជូនមកមន្ទីរពេទ្យ។ ភ្លាមនោះ លោកក៏បានដឹកនាំកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទៅដល់មន្ទីរពេទ្យ និងសាកសួរនាំបុរសដែលដឹកនារីរងគ្រោះតាមកង់បីមកមន្ទីរពេទ្យ ហើយក៏ដឹងថា ករណីនេះកើតហេតុនៅបន្ទប់ជួលសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ទើបទំនាក់ទំនងទៅលោកអធិការរងទទួលផែនយុត្តិធម៌ខណ្ឌទួលគោក ដើម្បីឱ្យជំនាញចុះមកធ្វើកោសល្យវិច័យសព តើស្ត្រីដែលស្លាប់នេះបណ្តាលមកពីមូលហេតុអ្វីឱ្យច្បាស់លាស់។

តាមសម្តីបុរសជាសង្សាររបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ពួកខ្លួនគឺជាសង្សារនឹងគ្នា ប៉ុន្តែបានរួមរស់នឹងគ្នាក្នុងលក្ខណៈដូចប្តីប្រពន្ធ អស់រយៈពេលជិត១ឆ្នាំហើយ មិនដែលមានបញ្ហាអ្វីទេ ស្រាប់តែថ្មីៗនេះ នារីរងគ្រោះជាគូស្នេហ៍ បែរជាមានចិត្តប្រចែប្រចណ្ឌនឹងខ្លួនយ៉ាងខ្លាំង ទោះជានិយាយយ៉ាងណា ក៏មិនព្រមស្តាប់ ស្រាប់តែចុងក្រោយ ក៏ជ្រើសយកវិធីគិតខ្លីបែបនេះតែម្តង។

បុរសជាសង្សារនារីរងគ្រោះ បន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៩ ពួកខ្លួនទាំង២នាក់ បានទាស់ពាក្យសម្តីគ្នាយ៉ាងខ្លាំង ដោយនារីជាសង្សារ (នារីរងគ្រោះ) បានចោទថា ខ្លួនមានស្រីថ្មី តែខ្លួនអត់មានបានធ្វើអ្វីដូចការចោទប្រកាន់ទេ និងថែមទាំងបានព្យាយាមពន្យល់ហេតុផល រហូតដល់ស្បថស្បែទៀតផង តែនារីរងគ្រោះនៅតែមិនជឿ និងចេះតែនិយាយចោទប្រកាន់ខ្លួនជាសង្សារដដែលៗ ទើបខ្លួនខ្ជិលឆ្លើយឆ្លង ព្រោះមិនចង់ឈ្លោះប្រកែកនាំឱ្យរឿងរ៉ាវកាន់តែវែងឆ្ងាយ ក៏ស្ងាត់មាត់លែងតបត ស្រាប់តែនារីជាសង្សាររូបនោះខឹង ក៏ចុះពីលើគ្រែមកដេកនៅឥដ្ឋការ៉ូតែម្នាក់ឯង។

បុរសខាងលើ បានឱ្យដឹងទៀតថា បន្ទាប់មក នៅព្រលប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ដល់ម៉ោងធ្វើការ ខ្លួនក៏បានរៀបចំចេញទៅធ្វើការ ប៉ុន្តែសង្សារខ្លួនមិនព្រមចេញទៅធ្វើការនោះ ទេ។ ចំណែកខ្លួនក៏មិនបង្ខំអ្វីដែរ រួចក៏ចេញទៅធ្វើការតែម្នាក់ឯងបាត់ទៅ។ រហូតមកដល់វេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្រោយពីចប់ម៉ោងការងារ ខ្លួនក៏ត្រឡប់មកបន្ទប់ជួលវិញ និងបានគោះទ្វារបន្ទប់ជួលដែរ តែមិត្តស្រីមិនព្រមបើកទ្វារឱ្យ ទោះខំទូរស័ព្ទចូល ក៏មិនព្រមលើកទៀត។ ដោយសារតែខ្លាចរំខានដល់ដំណេកអ្នកជិតខាង ទើបខ្លួនក៏ត្រឡប់ទៅដេកនៅបន្ទប់ជួលមិត្តភក្តិ ដែលធ្វើការជាមួយគ្នាវិញ រង់ចាំព្រឹកចាំ មកសូមទោស និងអង្វរបន្តិចទៅ ច្បាស់ជានឹងលែងខឹងហើយ ព្រោះនេះស្ទើរតែជាទម្លាប់របស់នាងទៅហើយ។

បុរសខាងលើ បានបញ្ជាក់ថា ស្រាប់តែមកដល់វេលាម៉ោង១១ព្រឹកថ្ងៃដដែល ខ្លួនក៏មកគោះទ្វារបន្ទប់ម្តងទៀត តែនៅតែស្ងាត់ដដែល ប៉ុន្តែឃើញក្នុងទូរស័ព្ទរបស់ខ្លួនមានផ្ញើរូបថត មកបង្ហាញថា នាងលេបថ្នាំសម្លាប់ខ្លួន និងអារកដៃ ទើបសម្រេចចិត្តហៅបងប្អូនដែលរស់នៅបន្ទប់ជួលក្បែរគ្នា ធាក់ទម្លុះទ្វារចូលទៅមើល ស្រាប់តែប្រទះឃើញមិត្តស្រីរបស់ខ្លួនបានចងកសម្លាប់ខ្លួន នៅចម្រឹងបង្អួចបាត់ទៅហើយ ដោយប្រើអាវចងក។ តែដោយមិនអស់ចិត្ត ខ្លួនក៏បានស្រាយចំណងដាក់ចុះមកផ្ទាល់ឥដ្ឋការ៉ូ និងប្រញាប់ហៅកង់បីដឹកយកទៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះអាយុវជីវិតដែរ តែជាអកុសល ពេលដឹកមកដល់ គ្រូពេទ្យពិនិត្យរួច ក៏ប្រាប់ថា សង្សាររបស់ខ្លួនបានដាច់ខ្យល់ស្លាប់ មិនដឹងតាំងពីពេលណាមកទេ។

ក្រោយកើតហេតុ សមត្ថកិច្ចការិយាល័យបច្ចេកទេសកោសល្យវិច័យនៃស្នងការរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទួលគោក បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សពជនរងគ្រោះមានស្លាកស្នាមនៅត្រង់បំពង់ក ហើយក្រៅពីនេះគ្មានអ្វីសម្គាល់ទេ រួចហើយក៏ចុះទៅបន្ទប់ជួលរបស់ជនរងគ្រោះជាកន្លែងកើតហេតុ ក៏មិនឃើញមានអ្វីដែរ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ នារីរងគ្រោះពិតជាបានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនប្រាកដមែន ដោយយកអាវចងកជាប់នឹងចម្រឹងបង្អួច។
សាកសពនារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យប្អូនស្រីបង្កើតរបស់សពឈ្មោះចាន់ ស្រីលក្ខ អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ៕