ខេត្តកោះកុង ៖ បុរសម្នាក់បានឈ្លោះប្រកែក និងជេរម្តាយក្មេក ធ្វើឱ្យកូនប្រសារខឹងក៏ស្ទុះទៅទាញដំបងវាយសំពងគូទំនាស់របស់ម្តាយក្មេក ចំនួន១ដំបង បណ្តាលឱ្យបែកចិញ្ចើម ហូរឈាមស្រោចខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅចំណុច (ឆ្មាបាត់) ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

ជនបង្កដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះសាន ចាន់ថន អាយុ២៦ឆ្នាំ មុខរបរកម្មករោងចក្រ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះសែងចាន់ អាំភុន អាយុ៣៤ឆ្នាំ មុខរបរនេសាទ មានលំនៅក្នុងភូមិជាមួយគ្នា រងរបួសបែកលើចិញ្ចើម ខាងស្តាំ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងស្ត្រីជាម្តាយក្មេករបស់ជនសង្ស័យ បានឈ្លោះប្រកែកគ្នាពីរឿងចាក់ដីផ្លូវ ស្រាប់តែក្រោយមក ក៏លេចមុខជនសង្ស័យជាកូនប្រសារបានស្ទុះចេញមកទាញដំបង វាយសំពងទៅលើគូទំនាស់របស់ម្តាយក្មេក បណ្តាលឱ្យបែកចិញ្ចើមតែម្តង ទើបជនរងគ្រោះកើតទុកមិនសុខចិត្ត ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនមកធ្វើការសាកសួរ ជនសង្ស័យបានបដិសេធថា ខ្លួនមិនបានយកដំបងវ៉ៃជនរងគ្រោះទេ គឺវ៉ៃនឹងដៃ ហើយធាក់១ជើង បណ្តាលឱ្យជនរង្គ្រោះដួលត្រូវឈើ ទើបបែកលើចិញ្ចើមដោយខ្លួនឯង។ ប៉ុន្តែជនរងគ្រោះបានអះអាងថា ជនសង្ស័យបានយកដំបងវ៉ៃ ទើបខ្លួនបែកចិញ្ចើម។
សមត្ថកិច្ចបានឱ្យដឹងទៀតថា មូលហេតុដំបូង មុនក្លាយជាអំពើហិង្សាបែបនេះ គឺជនសង្ស័យបានចោទថា ជនរងគ្រោះបានទៅជេរម្តាយក្មេករបស់ខ្លួន ឈ្មោះយឿន ដល់ផ្ទះ ទើបវ៉ៃបែបនេះ ចំណែកជនរងគ្រោះបានប្រកែកថា ខ្លួនមិនបានជេរម្តាយក្មេករបស់ជនសង្ស័យទេ គឺគ្រាន់តែទៅសួររឿងចាក់ដីផ្លូវ ស្រាប់តែឈ្មោះសាន ចាន់ថន មកវ៉ៃខ្លួនតែម្តង។
ករណីនេះ កម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនបន្តដើម្បីចាត់ការតាមនីតិវិធី៕