Tuesday, September 16, 2025
Homeតារាខ្មែរតូតា ហាង "ផែសមុទ្រ" ប្រឈមខាតលុយកន្លះលានដុល្លារ

តូតា ហាង “ផែសមុទ្រ” ប្រឈមខាតលុយកន្លះលានដុល្លារ

មុខជំនួញរបស់ម៉ាក សែនសូនីតា និងគូស្នេហ៍ ត្រូវបានជាប់គាំងបណ្តើរៗហើយ ព្រោះហាង “ផែសមុទ្រ” បានបិទជាបន្តបន្ទាប់ ហេតុនេះហើយបានជាទឹកប្រាក់ដែលនាងបោះទុនខ្ទង់កន្លះលានដុល្លារ សម្រាប់ការពង្រីកសាខាឱ្យបាន12 នៅរាជធានីភ្នំពេញនោះ មិនអាចដំណើរការតាមគម្រោងទេ ខណៈដែលការបោះទុនធំនៅខេត្តកំពត ចំណាយលុយដល់ទៅជាង3លានដុល្លារអាមេរិក លើផ្ទៃដី3ហិកតារនោះ ហាក់មានភាពស្រពេចស្រពិលនៅឡើយ…។

យ៉ាងណា តូតា និងគូស្នេហ៍ថៅកែផលិតកម្ម Angkor Picture លោកប៉ុល វិបូរ ហៅនីត ហាក់គ្មានទុក្ខព្រួយឡើយ គឺពួកគេគិតតែសម្រុកចេញទៅដើរលេងកម្សាន្តនៅក្រៅប្រទេស ឱ្យបានច្រើនថែមទៀត មុនពេលដែលពួកគេសម្រចចិត្តដឹកដៃគ្នាចូលរោងការខាងមុខនេះ។

អ្នកសិល្បៈជាច្រើនបានបង្ហាញភាពភ្ញាក់ផ្អើល និងស្ញប់ស្ញែងចំពោះម៉ាក សែនសូនីតា ថា នាងមានប្រាក់ច្រើនទៅៗ នៅពេលដែលចាប់ដៃជាមួយលោកនីត នៅពេលនេះ ស្របពេលដែលតារាជិតស្និទ្ធមួយចំនួនទៀត បានជំរុញឱ្យសូនីតា និងលោកនីត គួរយកគំរូតាមឡោម លក្ខិណា និងនៅ សុនិតា គឺយកកូនសិន ទើបរៀបការតាមក្រោយ។

ប៉ុន្តែតូតា នៅអៀនច្រើនរឿងយកកូននៅពេលនេះ ដោយនាងថា ចង់រៀបការឱ្យផ្អើលមេឃជាមុនសិន ទើបពពោះតាមក្រោយ។ ប៉ុន្តែសូនីតា មិនទាន់ហ៊ានកំណត់ថ្ងៃរៀបការជាមួយថៅកែផលិតកម្ម Angkor Picture នេះឡើយ ។

ម៉ាក សែនសូនីតា បានផ្តាច់ស្នេហ៍ប្រុសក្មេង ទឹម នីដា ប្អូនប្រុសទឹម រដ្ឋា ដែលធ្វើឱ្យពេលនេះ ទំនាក់ទំនងរបស់តូតា និងរដ្ឋា ប្រឈមការមើលមុខគ្នាមិនត្រង់ឡើយ។

ដោយឡែក អតីតសង្សារតូតា លោកនីដា វិញ នៅតែមិនទាន់ដាច់អាល័យពីក្លែបក្លិនស្រីស្រស់សូនីតា ឡើយ ប៉ុន្តែដោយសារមានការព្រមានពីលោកនីត ហាមតូតា មិនឱ្យជួបប្រុសក្មេង ទើបពេលនេះ ពួកគេមិនអាចឆ្មក់ស្នេហ៍បានទៀតឡើយ។

ប្រភពបានឱ្យដឹងថា ទោះជាពេលនេះ តូតា រួមរស់ក្រោមដំបូលតែមួយជាមួយលោកនីត ក៏ដោយ តែមន្ត្រីធំៗទាំងឡាយនៅតែតាមឆ្វែលតារាមានមន្តស្នេហ៍នេះ ខណៈដែលលោកវិបូរ គ្មានការព្រួយបារម្ភច្រើនថា ខ្លាចបណ្តូលចិត្តរបស់លោក ត្រូវបានប្រុសផ្សេងឆក់ទៅបាត់ទេ ព្រោះសំអាងថា ពេលនេះ ពួកគេមានចិត្តមួយថ្លើមមួយ ហើយបានសង់វីឡាទ្រនំស្នេហ៍ មុនពេលរៀបការទៀតផង។

ម៉ាក សែនសូនីតា តាំងពីចាប់ដៃជាមួយថៅកែផលិតកម្ម Angkor Picture គេកត់សម្គាល់ថា នាងមានពេលនៅក្នុងស្រុកតិចជាងនៅក្រៅប្រទេស ព្រោះនាងចំណាយពេលច្រើនពិសោធន៍ស្នេហ៍ទៅលើលោកនីត មុននឹងរៀបការជាមួយគ្នានាពេលខាងមុខ។

ម៉ាក សែនសូនីតា បានផ្អាកកាសសម្តែងភាពយន្តរយៈពេលកន្លះឆ្នាំ ហើយនាងសន្យាវិលវិញនៅក្រោយចូលឆ្នាំខ្មែរ។ ការផ្អាកថតកុនរបស់ម៉ាក សែនសូនីតា នៅពេលនេះត្រូវបានគេសង្ស័យថា នាងត្រូវគូស្នេហ៍លោកថៅកែហួងហែង ព្រោះមិនចង់ឱ្យនាងត្រូវប្រុសៗអ្នកមានតាមប្រជែងស្នេហ៍លោក ពេលឃើញតូតា បង្អួតសម្រស់ដែលកាន់តែមានការតែងខ្លួនប្លែកទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃនោះ តែតូតា ថា ជាការសម្រចចិត្តរបស់នាងផ្ទាល់ ព្រោះនាងមានអារម្មណ៍ថា ហត់នឿយការងារសិល្បៈខ្លាំងពេក។

តូតា បានទទួលស្គាល់ថា ពិតជាមានមន្ត្រីធំៗតាមស្នេហានាងមែន តែនាងថា តំណែងជំទាវគ្មានអ្វីអស្ចារ្យទេ គឺនាងសុខចិត្តរស់នៅជាមួយមនុស្សដែលស្រលាញ់ និងយល់ចិត្តនាងប្រសើរជាង។

ម៉ាក សែនសូនីតា មុនសម្រេចចិត្តប្រគល់បេះដូងជូនថៅកែពោះម៉ាយនេះ នាងធ្លាប់លេចឮថា មានលោកឧកញ៉ាមេធាវី , លោកផ្កាយ4 និងថៅកែសណ្ឋាគារមួយ។ ប៉ុន្តែពេលនេះបេះដូងដ៏ក្រហមឆ្អិនឆ្អៅរបស់តូតា បានសម្រេចចិត្តប្រគល់ទៅឱ្យលោកនីត តែម្នាក់គត់ ឃុំគ្រងរក្សា ហើយគេរង់ចាំមើលថា គូស្នេហ៍ខុសវ័យនេះអាចដឹកដៃគ្នាក្រាបផ្ទឹម ដូចការអះអាងរបស់ពួកគេដែរឬយ៉ាងណា? ព្រោះថា កន្លងមក លោកថៅកែធ្លាប់ប៉ះស្នេហ៍ជាមួយតារាជាច្រើននាក់ហើយ ប៉ុន្តែគ្រាន់តែស្នេហ៍មួយផ្សែងបារី ក៏រលត់ទៅវិញអស់។ ដោយឡែក សម្រាប់ស្រីស្អាតតូតា វិញ គេជឿថា លោកថៅកែប្រាកដជាពិបាកសម្លឹងឃើញស្រីផ្សេងមកជំនួសបានណាស់ ព្រោះនាងជាស្រីស្អាតវ័យក្មេង គួរឱ្យស្រលាញ់ណាស់៕

RELATED ARTICLES