Friday, November 14, 2025
Homeព័ត៌មានជាតិសោកស្តាយណាស់... គាត់ខំប្រឹងដើម្បីបានលុយទៅលេងស្រុកនឹងគេ

សោកស្តាយណាស់… គាត់ខំប្រឹងដើម្បីបានលុយទៅលេងស្រុកនឹងគេ

ភ្នំពេញ ៖ កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ប្តីប្រពន្ធវ័យចំណាស់មួយគូ ដោយសារតែកៀកថ្ងៃចូលឆ្នាំខ្មែរ ខំប្រឹងធ្វើការទ្វេដង បំណងយកប្រាក់ទៅលេងស្រុក ទាំងដែលខ្លួនឈឺជា ក៏មិនហ៊ានឈប់សម្រាក ស្រាប់តែអកុសល ស្ត្រីជាប្រពន្ធបានឡើងចាក់ពុម្ពសសរនៅជាន់ទី១ វិលមុខក៏រអិលជើងធ្លាក់បោកក្បាលនឹងដុំឥដ្ឋ ស្លាប់េចោលប្តីយ៉ាងអាណោចអធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលនៅចំណុចការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិរលួស សង្កាត់រលួស ខណ្ឌដង្កោ។

ស្ត្រីរងគ្រោះមានឈ្មោះមឹល ក្រមុំ អាយុជាង៥០ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ខាងលើ និងមានស្រុកកំណើតនៅភូមិស្រម៉រ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

បុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ប្រពន្ធរបស់គាត់បានត្អូញប្រាប់គាត់ជាប្តីថា វិលមុខនិងមិនស្រួលខ្លួនសោះ ឮបែបនេះ គាត់បានឃាត់ប្រពន្ធដែរថា ស្អែកមិនឱ្យទៅធ្វើការទេ តែប្រពន្ធគាត់និយាយថា ជិតចូលឆ្នាំហើយ បើមិនប្រឹងទេ មានលុយឯណាសម្រាប់ទៅស្រុកកំណើត ហើយក៏នាំគ្នាដេលក់អស់ទៅ។ លុះព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ប្តីប្រពន្ធគាត់ ក៏បន្តចូលធ្វើការងារសំណង់តាមធម្មតា ដោយប្រពន្ធគាត់បានឡើងទៅជាន់ទី១ ដើម្បីចងចម្រឹងបន្ទះក្តារចាក់ពុម្ពសសរ ស្រាប់តែពេលនោះ មិនដឹងថាគាត់វិលមុខ ឬយ៉ាងម៉េចទេ ក៏បានធ្លាក់ផ្ងារក្រោយមកក្រោមបោកផ្ទប់ដុំថ្មបណ្តាលឱ្យបែកក្បាលរងរបួសសន្លប់ស្តុកស្តឹង ហើយភ្លាមៗនោះបងប្អូនកម្មកររួមការងារ ក៏បានជួយលើកដឹកយកទៅពេទ្យ ពេលទៅដល់ គាត់បានដាច់ស្លាប់បាត់ទៅហើយ។

បុរសជាប្តីបានបន្តថា ក្រោយពីដឹងថាប្រពន្ធស្លាប់ ក៏បានដឹកសពមកទីតាំងការដ្ឋានសំណង់វិញ ហើយរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន។

សមត្ថកិច្ចមូលដ្ឋាន បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ភ្លាមៗ ក៏បានសហការជាមួយមន្ត្រីជំនាញចុះមកធ្វើកោសល្យវិច័យ ដោយបញ្ជាក់ថា ស្ត្រីខាងលើពិតជាស្លាប់ដោយសារធ្លាក់ពីលើសំណងផ្ទះល្វែងប្រាកដមែន ដូច្នេះសមត្ថកិច្ចបានធ្វើលិខិតប្រគល់សពឱ្យក្រុមសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕

RELATED ARTICLES