ខេត្តកំពង់ស្ពឺ ៖ ក្រោយពីសង្កេតឃើញថា មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាបន្តបន្ទាប់ស្ទើររាល់ថ្ងៃ នៅតាមបណ្តោយដងផ្លូវជាតិលេខ៤ លោកឧកញ៉ា ទៀ វិចិត្រ នាយកក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូដកម្ពុជា (G.T.V.C, Speed Boat Cambodia) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ បានរៀបចំពិធីបួងសួងនៅពីមុខអាសនៈ លោកយាយម៉ៅពេជ្រ និល ដើម្បីសុំសេចក្តីសុខ ចម្រុងចម្រើនជូនដល់អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឱ្យរួចផុតពីគ្រោះថ្នាក់ចរាចរណ៍។

លោកឧកញ៉ា ទៀ វិចិត្រ បានថ្លែងបញ្ជាក់ថា ដោយកត់សម្គាល់ជាបន្តបន្ទាប់មកនេះ ឃើញគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិលេខ៤ បានកើតមានស្ទើរជារៀងរាល់ថ្ងៃ ទើបរូបលោកបានមូលជាមតិ សហការរៀបចំនិមន្តព្រះសង្ឃ ដើម្បីរៀបចំពិធីតាមបែបព្រះពុទ្ធសាសនានេះឡើង ដើម្បីរួមចំណែកកាត់បន្ថយ ឬទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤ នេះ ឱ្យថយចុះចំនួន។

ក្នុងពិធីនិមន្តព្រះសង្ឃសូត្រមន្តនេះ ឃើញមានវត្តមាន តារាកំប្លែងជើងចាស់ គឺលោកជួង ជី ហៅនាយកុយ ក៏បានមកចូលរួមផងដែរ ក្រោយការបួងសួង និងនិមន្តព្រះសង្ឃសូត្រ មន្តតាមបែបព្រះពុទ្ធសាសនា លោកឧកញ៉ា ទៀ វិចិត្រ មានជំនឿថា ការធ្វើពិធីបួងសួងនៅមុខអាសនៈ របស់លោកយាយម៉ៅពេជ្រ និល តាមផ្លូវជាតិលេខ៤ ខាងលើនេះ នឹងអាចឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ មកចំនួនទាប។

លោកឧកញ៉ា បន្តថា ដើមហេតុដែលរូបលោកបានបបួលក្រុមការងារ ធ្វើពិធីបួងសួង និងនិមន្តព្រះសង្ឃ សូត្រមន្តរំដោះគ្រោះ នាឱកាសនេះ ដោយសារតែជាបន្តបន្ទាប់មកនេះ សង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤ បានបន្តកើតមានស្ទើររាល់ថ្ងៃ និងបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរងរបួស ព្រមទាំងខូចខាតរថយន្ត និងបំផ្លាញទ្រព្យសម្បត្តិ ទាំងរដ្ឋ និងឯកជនអស់ជាច្រើនទៀត។

ជាមួយនេះ លោកឧកញ៉ាបានក្រើនរំលឹកដល់អ្នកបើកបរ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការបើកបរ ជាពិសេស ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានជាប្រចាំ ទោះបីចម្ងាយផ្លូវជិត ឬឆ្ងាយបែបណាក្តី។ ពិសេសជាងនេះ គឺត្រូវចេះយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ពេលប្រើប្រាស់ផ្លូវសាធារណៈ ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ជាពិសេស កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិលេខ៤ ឱ្យថយចុះ។

ក្នុងឱកាសនោះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានរៀបចំជាជំនួយមនុស្សធម៌ រួមមានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលជួបការលំបាករស់នៅជិតខាងអាស្រមលោកយាយម៉ៅ ពេជ្រនិល ចំនួន១៥គ្រួសារផងដែរ។

លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា ការធ្វើពិធីនិមន្តព្រះសង្ឃសូត្រមន្ត សុំសេចក្តីសុខជូនអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ និងការធ្វើសកម្មភាពមនុស្សធម៌របស់ក្រុមការងារមនុស្សធម៌អរូបី ដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ ខ្វះទីពឹង ឬបាត់បង់កម្លាំងពលកម្មជាដើម ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខ។ លើសពីនេះទៀត ក៏ដើម្បីបួងសួងសុំសេចក្តីសុខចម្រុងចម្រើន ដើម្បីចែកជូនប្រជាពលរដ្ឋខ្មែរ និងជាតិសាសន៍ដទៃគ្រប់ៗរូប ឱ្យមានសេចក្តីសុខទាំងអស់គ្នា៕