មាន សូនីតា ដល់ត្រើយសុខសាន្តហើយ នេះជាការលើកឡើងរបស់អតីត Freshie រួមជំនាន់ជាមួយសូនីតា។ ការថ្លែងបែបនេះ ដោយសារគេមើលឃើញថា សូនីតា ពេលនេះមានទ្រព្យមិនចាញ់ជំទាវឡើយ ហើយភាពហ៊ឺហារបស់នាងកាន់តែល្បីល្បាញថែមទៀត រឿងស្នេហាជាមួយមន្ត្រីគយ ខណៈដែលដំណឹងរៀបការនៅស្ងាត់ឈឹង បើទោះជាគេដឹងថា លោកគយនោះ ស្រលាញ់នាងចង់លាក់ទុកក្នុងពោះក៏ដោយ…។

រឿងស្នេហារបស់ស្រីស្អាតមាន សូនីតា ជាមួយមន្ត្រីគយវ័យចំណាស់ កាន់តែល្បីល្បាញខ្លាំងឡើងៗ ទើបធ្វើឱ្យដំណឹងថា សូនីតា មានថៅកែស្រីលក់ពេជ្រនៅម្តុំផ្សារធំថ្មី តាមស្នេហ៍ហាក់ស្ងប់ស្ងាត់មួយរយៈ។
មាន សូនីតា នៅតែបន្តអាជីពសិល្បៈដូចមុនដដែល ទោះជាមានការលើកឡើងថា មន្ត្រីគយទ្រព្យស្តុកម្នាក់ស្រលាញ់នាងខ្លាំង រហូតមិនចង់ឱ្យតារាសំឡេងស្រាលរូបនេះ ដើរប៉ះថ្ងៃ ព្រោះខ្លាចខ្លោច ស្បែកក៏ដោយ តែសូនីតា នៅតែមិនបោះបង់អាជីពចាស់ នោះទេ។

ប្រភពបានឱ្យដឹងថា លោកគយនោះ សុខចិត្តឱ្យសូនីតា លេងសិល្បៈទៀតតាមចិត្តចង់ តែហាមដាច់ខាត គឺមិនឱ្យថតសិចស៊ី ឬមានតារាប្រុសណាឱបថើបរោលរាលខ្លាំងៗឡើយ។ បើសិនជាសូនីតា ប្រឆាំងនោះ លោកគយ នឹងមិនឱ្យស្រីស្អាតរូបនេះលេងសិល្បៈតទៅទៀតឡើយ ។

ទោះជារឿងស្នេហារបស់មាន សូនីតា ជាមួយលោកគយ ល្បីសាយភាយយ៉ាងណាក៏ដោយ តែរហូតមកដល់ពេលនេះ នាងមិនដែលហ៊ានបណ្តើរលោកគយ ឬកៀកកើយគ្នាជាចំហដូចគូស្នេហ៍តារាដទៃទៀតឡើយ។
សូនីតា ក៏មិនដែលបកស្រាយរឿងគេថា នាងមានគូស្នេហ៍នៅក្រោយខ្នងជាលោកគយ អាយុ៥០ក្រាស់ និងសម្បុរសនោះដែរ សូម្បីតែមិត្តភក្តិដ៏ជិតដិតរបស់នាង សួររឿងស្នេហាខុសវ័យនេះ ក៏នាងមិននិយាយជាដាច់ខាត។

អតីត Freshie ដែលធ្លាប់ជិតដិតជាមួយមាន សូនីតា បាននិយាយថា ពេលនេះ សូនីតា មានអ្វីៗគ្រប់យ៉ាងដែលនាងធ្លាប់ប៉ងប្រាថ្នាពីមុនអស់ទៅហើយ ដូចជា ផ្ទះវីឡាយ៉ាងប្រណីត តម្លៃជាង៣០ម៉ឺនដុល្លារ នៅបុរីប៉េង ហួត ហើយនាងអាចជិះរថយន្តម៉ាកអី ក៏បានតាមចិត្តចង់។
ប៉ុន្តែតារាដែលជិតដិតសូនីតា បំផុតនោះ និយាយថា សូនីតា នឹងមិនអាចរៀបការជាមួយលោកគយ បានឡើយ ព្រោះថាបុរសនោះមិនមែននៅលីវទេ គឺមានប្រពន្ធនិងកូនទៅហើយ ហេតុនេះហើយបានជានាងមិនហ៊ានបង្ហាញមុខម្ចាស់ចិត្តជាចំហដូចគេទេ…។

មាន សូនីតា លេចធ្លោរឿង “ផ្កាថ្ម” របស់ហង្សមាស ហើយពេលនេះ នាងត្រូវបានបណ្តាផលិតករ កាន់តែច្រើនទាក់ទងឱ្យនាងសម្តែងជាតួឯក ក្នុងរឿងភាគទូរទស្សន៍។ ប៉ុន្តែសូនីតា មិនបុកសម្រុកខ្លាំងដូចមុននោះទេ គឺនាងថតតែរឿងណាដែលបានតម្លៃខ្លួនខ្ពស់ ហើយតំណែងរឿងនោះជាតួឯក។

ផលិតករមួយចំនួន បានសរសើរមាន សូនីតា ថា ទោះជានាងប៉ះស្នេហ៍មន្ត្រីគយ ដែលមានលុយចាយមិនចេះអស់យ៉ាងណាក្តី ក៏សូនីតា នៅតែមិនទាន់ ផ្តាច់ខ្លួនពីអាជីពចាស់ទាំងស្រុងដែរ ព្រោះគូស្នេហ៍នាងចេះយល់ចិត្ត និងសម្របខ្លួនតាមនាងគ្រប់ពេលវេលាទាំងអស់។
អ្នកដឹកនាំថតកុនជើងចាស់រូបនោះ ថ្លែងដោយសុំឱ្យលាក់ឈ្មោះ ថា “តារាណាខ្លះបានប្តីគយហើយ មិនថតកុនទៀតទេ គេដេកចាយលុយហើយ! តែសូនីតា វិញ ខ្ញុំឮតែគេថា គាត់មានសង្សារគយអី ហើយសរសើរគេហើយ ដែលនៅតែឱ្យលេងសិល្បៈហ្នឹង បើខ្លះវិញ តែចេញពីផ្ទះមិនបានផង”។

មាន សូនីតា ជោគជ័យអាជីពសម្តែង តែមិនកាក់កបក្នុងការធ្វើជាពិធីការិនីឡើយ ព្រោះបណ្តាកម្មវិធី និងទូរទស្សន៍មួយចំនួនថា នាងមានសំឡេងតូចស្រាលពេក មិនសូវត្រូវប៉ាន់។ យ៉ាងណា គេជឿថា សូនីតា អាចនឹងដើរតាមគន្លងអតីតតារាមួយចំនួន ដែលត្រូវគូស្នេហ៍ក្រុងទុក លែងឱ្យបន្តអាជីពចាស់ ព្រោះថា ពេលនេះមានព័ត៌មានថា មានលោកគយ និងមន្ត្រីធំៗ នៅតាមសុំស្នេហាស្រីស្អាតរូបនេះដូចមុនដដែល ទោះជាគ្រប់គ្នាដឹងថា តារារូបនេះមិនមែននៅបេះដូងទំនេរក្តី។

គេថា ដើម្បីកុំឱ្យប្រឈមបាត់បង់ស្រីស្អាត សូនីតា លោកគយ នឹងឱ្យតារារូបនេះលេងសិល្បៈ ដើម្បីសប្បាយៗប៉ុណ្ណោះ គឺមិនប្រឡូកពេញទំហឹងដូចមុនទេ តែបើមានទាំងស្រីទាំងប្រុស តាមស្នេហ៍សូនីតា ទៀតនោះ គឺគេជឿថា សូនីតា នឹងអាចបង្ខំចិត្តបោះបង់អាជីពចាស់ ផ្គាប់ចិត្តលោកគយជាមិនខាន៕