ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានយកម៉ូតូបងប្រុសបង្កើតខ្លួនឯង ទៅបញ្ចាំយកលុយទៅលេងល្បែង ចាញ់អស់ដល់ទៅ២ដង រហូតធ្វើឱ្យបងប្រុសទ្រាំលែងបាន ក៏សម្រេចចាប់ចងដៃចងជើង រួចប្រគល់ទៅឱ្យសមត្ថកិច្ច ដើម្បីនាំយកទៅចាត់ការតាមច្បាប់។

ករណីបងប្រុសចាប់ចងដៃប្អូនប្រុសប្រគល់ទៅឱ្យសមត្ថកិច្ចនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង១១ និង១០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចស្ថានីយប្រេងកាល់តិចស្តុបពេទ្យចិន ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
តាមប្រភពពីជនរងគ្រោះសុំមិនបញ្ចោញឈ្មោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រមាណជា១ខែមុន ប្អូនប្រុសបង្កើតរបស់គាត់ម្នាក់នេះ (ជនសង្ស័យ) បានលួចយកម៉ូតូ១គ្រឿងរបស់គាត់ យកទៅដាក់បញ្ចាំបានលុយចំនួន៦០០ដុល្លារ និងលើកទី២ ចំនួន៤០០ដុល្លារ រួចយកទៅលេងល្បែងចាញ់អស់គ្មានសល់ ធ្វើឱ្យគាត់ត្រូវចំណាយលុយលស់ម៉ូតូពីកន្លែងបញ្ចាំមកវិញ អស់ទៅដល់១ពាន់ដុល្លារឯណោះ។

ប្រភពដដែលបន្តថា ដោយសារតែគាត់ខឹងនឹងប្អូនប្រុសថា ចេះតែយកម៉ូតូរបស់គាត់ទៅដាក់បញ្ចាំម្តងជា២ដង ហើយនៅតែមិនរៀង ក៏តាមរកចាប់បាននៅចំណុចកើតហេតុខាងលើនេះតែម្តង រួចចងដៃចងជើងជាប់នឹងម៉ូតូកង់បីរង់ចាំសមត្ថកិច្ចប៉ុស្តិ៍ចតុមុខ មកយកទៅប៉ុស្តិ៍ ប៉ុន្តែដោយសារតែសួរនាំដឹងរឿងទៅ ទើបដឹងថា យកម៉ូតូចេញមកពីម្តុំផ្លូវជា សុផារ៉ា ទើបដឹកយកទៅប៉ុស្តិ៍ទួលសង្កែ២ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចចាត់ការបន្តតាមនីតិវិធី៕